Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

នាយករដ្ឋមន្ត្រីសិង្ហបុរី អបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3399
នាយករដ្ឋមន្ត្រីសិង្ហបុរី អបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាយករដ្ឋមន្ត្រីសិង្ហបុរី អបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

(ភ្នំពេញ)៖ លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ បានផ្ញើសារអបអរសាទរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

នេះបើយោងគេហទំព័រក្រសួងការបរទេសសឹង្ហបុរី ចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។

លោក លី ស៊ានឡុង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា​ នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣នេះ។ លទ្ធផលបោះឆ្នោតសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីការបន្តគាំទ្រចំពោះភាពជាអ្នកដឹកនាំ និងចក្ខុវិស័យរបស់ សម្តេចនាយករដ្ឋមន្រ្តី សម្រាប់អនាគតរបស់​ប្រទេសកម្ពុជា។ សូមសម្តេចទទួលយកការជូនពរដ៏ល្អបវរពីខ្ញុំ ស្របពេលដែលសម្តេចសម្រេចចាកចេញពីតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា»។

បើតាមលោក លី ស៊ានឡុង សម្តេចតេជោ គឺជាមេដឹកនាំកាន់អំណាចបានយូរបំផុតម្នាក់នៅលើពិភពលោក ដែលបានដឹកនាំនាវាកម្ពុជាពុះពារឆ្លងកាត់ពេលវេលាដ៏លំបាក និងមិនធ្លាប់​ជួប​ប្រទះពីមុនមក។ សម្តេចតេជោ បានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងខ្លាំង ដើម្បីនាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជូនដល់ប្រជាជន​កម្ពុជា។ ក្នុងពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ សម្តេចបានដឹកនាំដោយជោគជ័យនូវភាពជាប្រធានប្តូរវេនរបស់អាស៊ានកាលពីឆ្នាំ២០២២ និង​ការរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងបង្អស់ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ នេះផ្ទាល់។

លោក លី ស៊ានឡុង បន្តថា «សិង្ហបុរី និងកម្ពុជា មានទំនាក់ទំនងជាមិត្តភាព និងយូរអង្វែងជាមួយគ្នា ហើយខ្ញុំសូមអរគុណសម្រាប់ការគាំទ្រដ៏រឹងមាំរបស់សម្តេច សម្រាប់ការពង្រឹង​ចំណង ទ្វេភាគីឱ្យកាន់តែរឹងមាំ។ សម្រាប់កិច្ចសហប្រតិបត្តិការរបស់យើង គឺបានរីកដុះដាលនៅតាមវិស័យយ៉ាងទូលំទូលាយជាច្រើន មកទល់នឹងពេលបច្ចុប្បន្ន។ រីឯការធ្វើពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសយើង គឺកំពុងបន្តរីកចម្រើនទៅមុខ ហើយពួកយើងកំពុងរួមសហការនៅក្នុងវិស័យថ្មីៗទៀតផងដែរ ដូចជាក្រេឌីតកាបូន និងការនាំចេញថាមពលកកើតឡើងវិញ ជាដើម»។

លោក លី ស៊ានឡុង បានឲ្យដឹងទៀតថា ក្រុមការងារលោក និងរូបលោកផ្ទាល់ ទន្ទឹងរង់ចាំបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេច ក៏ដូចជាជាមួយនាយករដ្ឋមន្រ្តីថ្មី គឺឯកឧត្ដម ហ៊ុន ម៉ាណែត ដើម្បីជំរុញ ឱ្យភាពជាដៃគូរបស់យើង កាន់តែស៉ីជម្រៅខ្លាំងថែមទៀត។ ជាចុងក្រោយ លោកសូមជូនពរសម្តេចឱ្យបន្តមានសុខភាពល្អ និងទទួលជោគជ័យក្នុងការងារផ្សេងៗ៕

អត្ថបទទាក់ទង