Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានអបអរសាទរក្នុងតំណែងជានាយករដ្ឋមន្ត្រី

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1193
បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានអបអរសាទរក្នុងតំណែងជានាយករដ្ឋមន្ត្រី បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានអបអរសាទរក្នុងតំណែងជានាយករដ្ឋមន្ត្រី

 

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ជនរួមជាតិគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមអបអរសាទរក្នុងមុខតំណែងឯកឧត្តមជានាយករដ្ឋមន្ត្រី ដែលទើបត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ហើយឯកឧត្តមប្តេជ្ញាប្រឹងប្រែងបំពេញការងារបម្រើជាតិ និងប្រជាជនឲ្យអស់ពីកម្លាំងកាយចិត្ត។

តាមរយៈគ្រុបតេឡេក្រាម Dr. Hun Manet, Prime Minister of Cambodia និងបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា “ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះសម្ដេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរចំពោះរូបខ្ញុំក្នុងឱកាសដែលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងរូបខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា”។ 

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងទៀតថា “ទាំងនេះគឺជាការលើកទឹកចិត្តដ៏មហិមាចំពោះរូបខ្ញុំ ដោយខ្ញុំសូមប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាព ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ”។

គួររំលឹកថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យចាត់តាំងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧៕

អត្ថបទទាក់ទង