Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនមន្ត្រី បុគ្គលិក កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល និងសាខារាជធានី-ខេត្ត

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3376
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនមន្ត្រី បុគ្គលិក កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល និងសាខារាជធានី-ខេត្ត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនមន្ត្រី បុគ្គលិក កាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល និងសាខារាជធានី-ខេត្ត ចំនួន ១២៥នាក់ ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា។

ពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារនេះ ក៏មានការអញ្ជើញចូលរួមពី សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធានអចិន្រ្តៃយ៍ សមាជិកាគណៈកម្មាធិការកណ្តាល មន្ត្រីទីស្នាក់ការកណ្តាល និងសាខា សរុបចំនួន ១៦២នាក់។

ក្នុងបរិយាកាសដ៏វិសេសវិសាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវក្តីសោមនស្សរីករាយ ដោយបានចូលរួមជាអធិបតីភាព ក្នុងពិធីបំពាក់គឿងឥស្សរិយយស និងមេដាយការងារ ជូន មន្ត្រី បុគ្គលិក ក្រុមប្រតិបត្តិ ថ្នាក់កណ្តាល និងថ្នាក់សាខា ដែលបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ជម្នះគ្រប់ឧបសគ្គ យកអស់កម្លាំងកាយចិត្ត លះបង់ខ្ពស់ ក្នុងគ្រប់កាលៈទេសៈ មិនថាយប់ឬថ្ងៃ ដើម្បីបុព្វហេតុមនុស្សធម៌ អស់រយៈពេលច្រើនជាង ២០ឆ្នាំកន្លងទៅនេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា «ពិធីបំពាក់គ្រឿងឥស្សរិយយសនៅថ្ងៃនេះ ជាសក្ខីភាពនៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបានឡើយ ក្នុងការងារមនុស្សធម៌ ជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ»។

ឥស្សរិយយសនេះ ដោយមានការប្រោសព្រះរាជទានគ្រឿងឥស្សរិយយសពី ព្រះករុណា ព្រះមហាក្សត្រ និងមេដាយការងារពីរាជរដ្ឋាភិបាលកម្ពុជា តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

មន្ត្រី បុគ្គលិក ដែលបានទទួលគ្រឿងឥស្សរិយយស សុទ្ធតែបានតស៊ូនៅក្នុងបេសកកម្មមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា រួមជាកម្លាំងសាមគ្គី អស់រយៈពេលជាង ២០ឆ្នាំមកហើយ គឺចាប់តាំងពីកម្លាំងកាយនៅរឹងមាំ រហូតអ្នកខ្លះបានចូលនិវត្តន៍ អ្នកខ្លះបានបាត់បង់កាយសម្បទា ក្នុងការបំពេញការងារតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» តាមរយៈការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ, វិបត្តិភ័យ, ការប្រែប្រួលអាកាសធាតុ, ការការពារបរិស្ថានធម្មជាតិ, ការថែទាំសុខភាពក្នុងសហគមន៍, ជាពិសេសក្នុងរយៈពេលប្រយុទ្ធនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ដ៏កាចសាហាវ រហូតយើងទាំងអស់គ្នា សម្រេចបានជោគជ័យ និងបានបើកប្រទេសឡើងវិញ។

លើសពីនោះព្រមទាំងបាន និងកំពុងស្តារ ពន្លឿនកំណើនសេដ្ឋកិច្ចតាមប្រក្រតីភាពគន្លងថ្មី សំដៅរក្សា លំនឹងជីវភាព និងលើកស្ទួយការរស់នៅរបស់ប្រជាជន ជាពិសេស អ្នកងាយរងគ្រោះបំផុត។ ការចូលរួមរបស់មន្ត្រី បុគ្គលិកទាំងអស់ នឹងត្រូវកត់ត្រាទុកនៅក្នុងប្រវត្តិនៃការអភិវឌ្ឍកាកបាទក្រហមកម្ពុជា តាមទិសវិមជ្ឈការ វិសហមជ្ឈការ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដាក់ចុះស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា «ការលះបង់ និងឆន្ទៈ មនសិការនៃការប្តេជ្ញាចិត្តតស៊ូ ជម្នះឧបសគ្គរបស់មន្ត្រី បុគ្គលិកទាំងអស់ គឺជាគំរូ និងជាកេរដំណែលដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយៗទៀត ហើយដែលបច្ចុប្បន្ននេះ យុវជនយើង បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ការងារមនុស្សធម៌ ការការពារបរិស្ថាន ការប្រែប្រួលអាកាសធាតុ -ល- ដែលក្នុងនោះចំនួនស្ត្រីចូលរួមក៏មានការកើនឡើងគួរឱ្យកត់សម្គាល់»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា មានក្តីសង្ឃឹមយ៉ាងមុតមាំថា គ្រឿងឥស្សរិយយស និងមេដាយការងារ ដែលបំពាក់ជូននាពេលនេះ ពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅ ជាប់ក្រអៅបេះដូង របស់មន្ត្រីបុគ្គលិកទាំងអស់គ្នា និងជាគំរូលើកទឹកចិត្ត ដល់មន្ត្រីបុគ្គលិក ដែលបាន និងកំពុងបន្តបំពេញការងារ ឱ្យកាន់តែមានឆន្ទៈមោះមុត បំពេញភារកិច្ចក្នុងស្មារតីការងារជាក្រុម និងទទួលខុសត្រូវខ្ពស់ ដើម្បីប្រសិទ្ធភាពការងារ ក្នុងបុព្វហេតុមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងសុខសន្តិភាព និងដើម្បីមនុស្សជាតិលើភពផែនដីទាំងមូល។

សូមបញ្ជាក់ថា គ្រឿងឥស្សរិយយស និងមេដាយការងារ ដែលបំពាក់ជូនមន្ត្រី បុគ្គលិក មានដូចជា៖

* គ្រឿងឥស្សរិយយស ជាតូបកា ចំនួន ១៨ ក្នុងនោះមន្ត្រីថ្នាក់កណ្តាលចំនួន ៦ និងមន្ត្រីថ្នាក់សាខាចំនួន ១២
* គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ សម្រាប់មន្ត្រីថ្នាក់កណ្តាល ចំនួន ៧
* គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា សម្រាប់មន្ត្រីថ្នាក់កណ្តាល ចំនួន ៣
* គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា សម្រាប់មន្ត្រីថ្នាក់កណ្តាល ចំនួន ១២
* គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ សម្រាប់មន្ត្រីថ្នាក់កណ្តាល ចំនួន ១ និងថ្នាក់សាខា ចំនួន ៦
* គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ សម្រាប់មន្ត្រីថ្នាក់កណ្តាល ចំនួន ១៩ និងមន្ត្រីថ្នាក់សាខា ចំនួន ១៦
* គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា សម្រាប់មន្ត្រីថ្នាក់សាខា ចំនួន ២
* គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ សម្រាប់មន្ត្រីថ្នាក់សាខា ចំនួន ១២
* មេដាយការងារ សម្រាប់មន្ត្រីថ្នាក់កណ្តាលចំនួន ១២ និងមន្ត្រីថ្នាក់សាខា ចំនួន ១៧។

របាយការណ៍សមិទ្ធផលការងារ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ៧ខែដើមឆ្នាំ ឆ្នាំ២០២៣ តាមរយៈការអនុវត្តផែនការនៃវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជាមានដូចជា៖

ឆ្លើយតបបានភ្លាមៗទៅនឹងតម្រូវការជាក់ស្តែងនៅតាមសហគមន៍រងគ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុតបាន ៥៥,៣៥៩គ្រួសារ តាមទិសស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» ក្នុងនោះថ្នាក់កណ្តាលឆ្លើយតបបាន ៩,៧៩៨គ្រួសារ និងសាខា ៤៥,៧៨៥គ្រួសារ។ សាខាបានសាងសង់ផ្ទះថ្មី ៤១ខ្នង ជូនគ្រួសារងាយរងគ្រោះ និងជួសជុលផ្ទះ ៩៣ខ្នង ជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ព្រមទាំងបានបណ្តុះបណ្តាលជំនាញ និងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងផ្សេងៗ បានរាប់ម៉ឺនគ្រួសារទៀត។

ថ្វីបើឆ្នាំនេះ ជាឆ្នាំទី៤ហើយដែល កាកបាទក្រហមកម្ពុជា មិនអាចប្រារព្ធអង្គមិទ្ទីងអបអរសាទរទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ឧសភា បានក៏ដោយ ប៉ុន្តែកាកបាទក្រហមកម្ពុជា នៅតែយកឱកាសនៃខួប១៦០នេះ រៀបចំយុទ្ធនាការកៀរគរកមូលនិធិ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។

គិតត្រឹមខែកក្កដាមានសប្បុរសជន ១០០៩ អង្គ/នាក់ ទទួលមូលនិធិសមមូលជាដុល្លារអាមេរិក ១៣,៨៣១,២៤៥,៩១ (ដប់បីលានប៉ែតបីម៉ឺនមួយពាន់ពីររយសែសិបប្រាំ និងកៅសិបមួយសេន)។ រីឯសាខាកាកបាទក្រហមកម្ពុជាខេត្ត២៤ទៀត ទោះត្រូវពុះពារខ្លាំងណាស់ ក្នុងកិច្ចការប្រទេសជាតិក៏នៅប្រឹងប្រែងប្រមូលថវិកាសារុប ២,៩៤៧,០៩៣ដុល្លារអាមេរិក គិតត្រឹមខែសីហានេះ ថយចុះ៣២,៩១ភាគរយ ដោយសារជាឆ្នាំបោះឆ្នោតជាតិ។

ដើម្បីងាយស្រួលក្នុងប្រតិបត្តិការទទួលថវិកា ៨ឧសភា ថ្មីៗនេះ កក្រក បានបើកគណនីនៅធនាគា អេប៊ីអេ (ABA) មួយទៀត។ ពិធីបុណ្យចម្រើនព្រះជន្មាយុ ហ្លួងម៉ែ ព្រះប្រធានកិត្តិយស បានរៀនរៀបចំយ៉ាងស័ក្តិសមបំផុត ដូចឆ្នាំមុនៗទាំងនៅថ្នាក់កណ្តាល និងថ្នាក់សាខា កក្រក។

លើសពីនេះទៅទៀត ឆ្នាំ២០២៣ បានពង្រីកប្រាក់កម្ចីគ្មានការប្រាក់ ៤២១គ្រួសារ បន្ថែមទៀត។ ចំណែកការអប់រំផ្សព្វផ្សាយលើកកម្ពស់យល់ដឹងពីការប្រែប្រួលអាកាសធាតុ ការថែទាំសុខភាពសាធារណៈ និងការអប់រំសុខភាពផ្សេងទៀត សម្រេចបានដោយផ្ទាល់ ១៣,៧២៨នាក់ នៅតាមភូមិ-ឃុំគោលដៅ ជាពិសេសពាក់ព័ន្ធនឹងការងារឥស្សរជនឆ្នើមថ្នាក់ជាតិបាន ១០,៤៣៩នាក់។

ការងារបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមសម្រេចបាន ១១១វគ្គ មានអ្នកចូលរួម ៤,៤៨១នាក់។ ចំណែកវិជ្ជាសង្គ្រោះបឋមបង់ថ្លៃសម្រេចបាន ៨៨វគ្គ មានអ្នកចូលរួម ១,៨៨២នាក់ និងទទួលបានប្រាក់ចំណូល ៤០,៤៥៣ដុល្លារ ព្រមទាំងបានអប់រំផ្សព្វផ្សាយពីសារៈសំខាន់នៃការរៀនសង្គ្រោះបឋម ពេញមួយជិវិតសម្រេចបាន ៨៣លើក មានអ្នកចូលរួម ៤,៥០៩នាក់។

បានបន្តផ្តល់ថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជាជាលើកទី៦ ដែលត្រូវជាលើកទី១២ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងថវិកា ២ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរជាលើកទី៥ ព្រមទាំង អង្គការសមាគមចំនួន ២០ទៀត ដូចរៀងរាល់ឆ្នាំ។

និយាយរួម ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍរបស់ជាតិលើគ្រប់វិស័យកាកបាទក្រហមកម្ពុជា មិនបង្អែបង្អង់ ឬទុកវិស័យអាទិភាពណាមួយ ក្នុងចំណោមវិស័យអាទិភាពទាំង៤ ចោលឡើយ។ មកដល់បច្ចុប្បន្ននេះ សាខាមានភាពម្ចាស់ការខាងផ្នែកហិរញ្ញវត្ថុ ស្ទើរទាំងស្រុង លើកលែងតែមានគ្រោះមហន្តរាយ ធំៗពេក ដែលត្រូវដាក់សំណើមកថ្នាក់កណ្តាល។ ចំណែកឯការងារអភិបាលកិច្ច និងគ្រប់គ្រងសាខា ក៏ត្រូវបានលើកកម្ពស់ថែមទៀតតាមរយៈរបាការណ៍លើគ្រប់វិស័យការងារតាមរយៈ ប្រព័ន្ធព័ត៌មានសង្គម។ នេះសបញ្ជាក់ អំពីតម្លាភាព និងគណនេយ្យភាព ត្រូវបានលើកកម្ពស់ខ្លាំងក្លា ជាងមុន។ មិនតែប៉ុណ្ណោះទេ មានអនុសាខាមួយចំនួនកំពុងសកម្ម ដោយថវិការកបានពីអនុសាខាផ្ទាល់ និងប្រើបណ្តាញព័ត៌មានសង្គមរាយការណ៍ ពីសកម្មភាពជាប់លាប់ជាប្រចាំថែមទៀតផង។

ឆ្នាំនេះ កាកបាទក្រហមកម្ពុជា បានជួយគ្រោះរញ្ជួយដីនៅប្រទេសតួកគី ថវិកា ១០ម៉ឺនដុល្លារ។ រីឯសវនកម្មឯករាជ្យលើគណនីសារុបឆ្នាំ២០២២ បានបញ្ចប់សព្វគ្រប់ ហើយមិនមានអនុសាសន៍អ្វីទៀតទេ។

មិនតែប៉ុណ្ណោះ កាកបាទក្រហមកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ថែមទៀត។ ការរៀបចំធ្វើម្ចាស់ផ្ទះ បានឆ្លងកាត់កិច្ចប្រជុំជាច្រើនទាំងផ្ទៃក្នុង និងអន្តរជាតិ ការងារនេះ អាចនិយាយបានថាសម្រេចបាន ៧០ភាគរយ ហើយ។

ជាជំហានបន្ត ដើម្បីគាំទ្រដល់ចលនាជាតិដាំដើមឈើរក្សាបរិស្ថាន និងបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធាន នឹងដឹកនាំសមាគមជាតិអាស៊ីអាគ្នេយ៍ ទៅដាំដើមឈើនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសានា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ខាមុខនេះ។

ដោយសារមគ្គុទេសក៍ភាពប្រកបដោយគតិបណ្ឌិតនៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន ទើបកាកបាទក្រហមកម្ពុជា ទទួលបាននូវការឧបត្ថម្ភគាំទ្រ ជាពិសេសពី ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និង សម្ដេចតេជោ ដែលលោកបង្ហាញនូវវីរគំរូដ៏ឧត្ដុង្គឧត្ដមក្នុងការរក្សាសុខសន្តិភាព ស្ថេរភាពជាតិខ្មែរ និងជានិច្ចកាលគុណតម្លៃមនុស្សធម៌ដោយស្មោះស្ម័គ្រ។ វីរគំរូនេះហើយ ដែលនាំមកនូវសប្បុរសជនគ្រប់មជ្ឈដ្ឋានមកឧបត្ថម្ភគាំទ្រ កាកបាទក្រហមកម្ពុជា រៀងរាល់ឆ្នាំ និងគ្រប់កាលៈទេសៈ ដែលត្រូវការឱ្យជួយ ញាំងឱ្យសមាគមជាតិមួយនេះ ក្លាយជាសមាគមជាតិមានភាពម្ចាស់ការលើគ្រប់វិស័យ។

មិនថាថ្នាក់កណ្តាល ឬសាខាសុទ្ធតែមានអភិបាលកិច្ចល្អប្រសើរ និងកសាងបានកម្លាំងចលករ យុវជន និងអ្នកស្ម័គ្រចិត្ត រហូតដល់ថ្នាក់ភូមិ ដើម្បីធ្វើសកម្មភាពលើគ្រប់វិស័យអាទិភាពទាំង៤ ហើយសម្រេចបានសមិទ្ធផលគួរជាទីមោទនភាពនៅរៀងរាល់ឆ្នាំ។ នេះបើតាមរបាយការណ៍ដែលឡើងថ្លែងដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា៕