Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប បញ្ចប់អាណត្តិការទូត ជួបសម្ដែងការគួរសម និងជម្រាបលា

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1078
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប បញ្ចប់អាណត្តិការទូត ជួបសម្ដែងការគួរសម និងជម្រាបលា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប បញ្ចប់អាណត្តិការទូត ជួបសម្ដែងការគួរសម និងជម្រាបលា

នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៣, នៅវិមានសន្តិភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ។

នៅក្នុងជំនួបនេះ លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) បាន
សម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។ លោកជំទាវក៏បាន
សម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះជោគជ័យជាច្រើនកន្លងមករបស់កម្ពុជា តាមរយៈ ការគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩, ការដាក់ចេញនូវកម្មវិធីជំនួយសង្គម ដ៏មានប្រសិទ្ធភាព, និង ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយមោទនភាព។ លោកជំទាវ ក៏បានបង្ហាញនូវជំហរដ៏មុតមាំរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា ជាពិសេស ជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត។

ជាកិច្ចឆ្លើយតប, ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទររបស់លោកជំទាវ ក៏ដូចជាកិច្ចសហប្រតិបត្តិការស្អិតរមួតកន្លងមក រវាងកម្ពុជា និងសហភាពអឺរ៉ុប។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានលើកឡើងអំពីនិរន្តរភាពនៃគោលនយោបាយនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តត្រីកោណ និង យុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល, ហើយសម្រាប់អាណត្តិនេះ ឆ្ពោះទៅមុខ រាជរដ្ឋាភិបាលនឹងផ្តោតជាពិសេសបំផុតទៅលើការកសាងមូលធនមនុស្ស, ការកែទម្រង់វិស័យសុខាភិ
បាលនៅថ្នាក់មូលដ្ឋាន, និងការកែទម្រង់វិស័យមុខងារសាធារណៈ។

ជាចុងក្រោយ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង សហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធបន្ថែមទៀត ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា៖ វិស័យអប់រំ និង ការអភិវឌ្ឍធនធានមនុស្ស, វិស័យសុខាភិបាល និង
វិស័យមុខងារសាធារណៈ ដែលជាកិច្ចការសំខាន់ និងចាំបាច់ក្នុងការចូលរួមកសាងនូវស័ក្ដិសិទ្ធភាព និង ប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានស្នើឱ្យសហភាពអឺរ៉ុបបន្តពិចារណាគាំទ្រ និងផ្តល់ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុឆ្នាំ២០២១-២០២៧ ដំណាក់កាលទី២” បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ភ្ជាប់ជាមួយនឹងការជម្រាបលា លោកជំទាវអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានគោរពជម្រាបជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ថាលោកជំទាវនឹងបន្តបេសសកកម្មបន្ទាប់នៅប្រទេសស្រីលង្កា និងពាំនាំនូវកិច្ចដំណើរបង្រួបបង្រួមជាតិដ៏ជោគជ័យរបស់កម្ពុជា ដើម្បីចែករំលែកនៅទីនោះ ។

ជាទីបញ្ចប់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានជូនពរលោកជំទាវ សូមទទួលបានជោគជ័យក្នុងបេសកកម្មរបស់លោកជំទាវបន្តទៀតនៅថ្ងៃអនាគត៕

អត្ថបទទាក់ទង