Khmer First Close

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបំពាក់ឋានន្តរស័ក្តិ និងប្រកាសតំណែងអគ្គស្នងការនគរបាលជាតិជូននាយឧត្តមសេនីយ៍ ស ថេត

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1240
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបំពាក់ឋានន្តរស័ក្តិ និងប្រកាសតំណែងអគ្គស្នងការនគរបាលជាតិជូននាយឧត្តមសេនីយ៍ ស ថេត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបំពាក់ឋានន្តរស័ក្តិ និងប្រកាសតំណែងអគ្គស្នងការនគរបាលជាតិជូននាយឧត្តមសេនីយ៍ ស ថេត

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីបំពាក់ឋានន្តរស័ក្តិ និងប្រកាសតំណែងអគ្គស្នងការនគរបាលជាតិ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងមហាផ្ទៃ។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងតែងតាំងមុខតំណែងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ។

ប្រវត្តិរូបសង្ខេបឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ
១-ប្រវត្តិ និងការសិក្សា
ឯកឧត្តម ស ថេត កើតនៅឆ្នាំ ១៩៧២ ក្នុងគ្រួសារកសិករ នៅភូមិអណ្តូងស្អាត ឃុំក្របៅ ស្រុក កំចាយមារ ខេត្តព្រៃវែង ដែលមានឪពុកឈ្មោះ ស ទិត្យ ដែលបានទទួលមរណ:ភាពតាំងពីឆ្នាំ១៩៩៦ និង ម្ដាយឈ្មោះ ផូ ភួង ដែលកំពុងរស់នៅសព្វថ្ងៃ មានអាយុ ៩៤ឆ្នាំ ឯកឧត្តម មានចំណេះដឹងចំនួន០២ ភាសា គឺភាសាខ្មែរ និងភាសាថៃ។

ក្នុងនាមជាកូនកំព្រាឳពុក ឯកឧត្តម ស ថេត បានខិតខំតស៊ូរៀនសូត្រ ចាប់ពីបឋមសិក្សាដល់វិទ្យាល័យ ក្នុងខេត្តព្រៃវែង។ ក្រោយបញ្ចប់ការសិក្សា ដោយមានចំណង់ចំណូលចិត្ត និងក្នុងគោលបំណងដើម្បីបម្រើជាតិ មាតុភូមិ ក៏ដូចជាប្រជាពលរដ្ឋ ឯកឧត្តម បានប្រឡងចូលក្របខណ្ឌនគរបាលជាតិ នៅថ្ងៃទី០១ ខែ មករា ឆ្នាំ១៩៩៥ បានសិក្សាវគ្គបណ្តុះបណ្តាលជំនាញនគរបាល និងវគ្គជំនាញមន្ត្រីនគរបាលយុត្តិធម៌ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្រៅពីការសិក្សានៅក្នុងប្រទេសកម្ពុជា ឯកឧត្តម បានស្វែងរកការ សិក្សានៅក្រៅប្រទេស ដោយបានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា នៅប្រទេសថៃឡង់ដ៏ រយៈពេលចំនួន៥ឆ្នាំ (១៩៩៧-២០០២) លើមុខជំនាញផ្នែកគ្រប់គ្រង នៅសាកលវិទ្យាល័យ កាសតសាត។

២-ការងារ និងបទពិសោធន៍
ក្រោយបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាប័ត្រជាន់ខ្ពស់មកពីប្រទេសថៃឡង់ដ៏ រួមជាមួយបទពិសោធន៍ការងារ ស្នាដៃជាបន្តបន្ទាប់ និងមានសមត្ថភាពខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ឯកឧត្តមត្រូវបានថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ តំឡើងឋានន្តរសក្តិ និងតួនាទីជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅឆ្នាំ ២០០២ (២០០២-២០០៨)រយៈពេលចំនួន៦ឆ្នាំ។ ដោយមានបទពិសោធន៍ក្នុងការអនុវត្តការងារនាពេលកន្លងមក នៅក្នុងឆ្នាំ២០០៨ ឯកឧត្តម ត្រូវបានប្រកាសតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង (២០០៨- ២០១៧) រយៈពេលចំនួន៩ឆ្នាំ ដោយពិនិត្យពីស្នាដៃ និងសមិទ្ធផលនានា ក្រោមការគ្រប់គ្រង ដឹកនាំ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ត្រូវបានតំឡើងឋានន្តរសក្តិជា ឧត្តមសេនីយ៍ឯក និងតំឡើងតួ នាទីជាអគ្គស្នងការរងនគរបាលជាតិ។ រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ត្រូវបានប្រកាសតែងតាំងជា ស្នងការ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រហូតបច្ចុប្បន្ន (២០១៨-២០២៣) រយៈពេលចំនួន៥ឆ្នាំ។

៣-តួនាទីភារកិច្ចក្នុងការដឹកនាំអង្គភាព និងគ្រប់គង់កងកម្លាំង
ឯកឧត្តម ត្រូវបានមើលឃើញថាបានដឹកនាំបញ្ហាកងកម្លាំង ក្នុងការរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ដូចជា ការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥, សន្និសីទអាស៊ានណាប៉ូលលើកទី៤០ មហាសន្និបាតសភាអាស៊ីលើកទី៤៣ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ របោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលព្រឹត្តិការណ៍សំខាន់ៗទាំងនេះ ប្រកបដោយជោគជ័យគួរជាទីមោទនៈ ដែលសុទ្ធសឹងតែជាភារកិច្ច និងជាបន្ទុកទទួលខុសត្រូវរបស់ ឯកឧត្តម ជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រៅពីការអនុវត្តភារកិច្ចស្នូលខាងលើនេះ ឯកឧត្តម បានដឹកនាំបញ្ហាកង កម្លាំង រួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារ គ្រោះធម្មជាតិ និង គ្រោះថ្នាក់ផ្សេងៗ។ល។ ដោយមានស្នាដៃជាច្រើនក្នុងការបម្រើជាតិ មាតុភូមិ ក៏ដូចជាប្រជាពលរដ្ឋ ជាពិសេសសមត្ថភាពក្នុងការគ្រប់គ្រង់ ដឹកនាំអង្គភាពយ៉ាងមានប្រសិទ្ធភាពនាកន្លងមក ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយសជាតូបការ។

ក្នុងការបំពេញតួនាទីភារកិច្ចជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឯកឧត្តម បានខិតខំបំពេញភារកិច្ចទាំងការគ្រប់គ្រង ដឹកនាំបញ្ហាកងកម្លាំង ក្នុងការរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងខេត្ត ជាពិសេស ឯកឧត្តមបានអភិវឌ្ឍន៍អង្គភាពជាច្រើនដូចជាការកសាងអគារ រៀបចំហេដ្ឋ រចនាសម្ព័ន្ធ ការពង្រឹងវិន័យកងកម្លាំង ការស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ស័ក្តិសមជាកងកម្លាំងនគរបាលជាតិ ដើម្បីបម្រើជាតិ និងផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាពដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងមហាផ្ទៃ

អត្ថបទទាក់ទង