Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

អ្នកសារព័ត៌មានរៀនកាពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមបណ្តាញសង្គម

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1060
អ្នកសារព័ត៌មានរៀនកាពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមបណ្តាញសង្គម អ្នកសារព័ត៌មានរៀនកាពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមបណ្តាញសង្គម

អ្នកសារព័ត៌មានជិត១០០នាក់បានរៀនពីរបៀបកាពារខ្លួនពីការវាយប្រហារ ការគំរាមគំហែងតាមអ៊ីនធឺណិត និងការបោកប្រាស់តាមបណ្តាញសង្គមដែលកំពុងកើតឡើងនៅជុំវិញពិភពលោក។ 

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងនៅឯពិធីប្រគល់វិញ្ញាបនប័ត្រនាល្ងាចថ្ងៃព្រហស្បត៌នេះថា “នេះជាវគ្គ​បណ្តុះ​បណ្តាលសម្រាប់អ្នកសារ​ព័ត៌មាន​លើកទី២ហើយក្នុងរយៈពេលពីរខែ លើប្រធានបទ “ការប្រើប្រាស់​ប្រព័ន្ធទំនាក់​ទំនង​សង្គម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និងសុវត្ថិភាព” ដោយផ្តោសំខាន់ទៅលើ “ហានិភ័យថ្មីៗ និងការគំរាមគំហែងតាមអ៊ីនធឺណិត, ចេះការពារសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត/ អ៊ីមែល និង​បណ្ដាញ​​​ព័ត៌មានសង្គម, ចេះការពារឯកជនភាព និងទិន្នន័យផ្ទាល់ខ្លួន និងចេះកាពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមអនឡាញ”។

វគ្គបណ្តុះបណ្តាលខាងលើត្រូវបានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាអ្នកផ្តល់ទីកន្លែង និងផ្តល់គ្រូឧទ្ទរសនាមជំនាញៗដើម្បីធានាថាក្រោយសិក្សាចប់នឹងយកទៅអនុវត្តបានដោយប្រសិទ្ធភាព។ 

លោក ពុយ គា បានថ្លែងថា “អ្នកសារព័ត៌មានប្រៀបបាននឹងកងទ័ពជួរមុខមួយក្នុងការប្រើប្រាស់បញ្តាញសង្គម ដូច្នេះអ្នកសារព័ត៌មានត្រូវមានចំណេះដឹងបន្ថែមក្នុងការការពារខ្លួន”។ 

ក្រៅពីជំនាញខាងលើ អ្នក​សារ​ព័ត៌មានក៏ត្រូវបានបំប៉ន​បន្ថែមលើចំណេះដឹងក្នុងការប្រើប្រាស់កម្មវិធីថត កាត់​ត​វីដេអូ​តាម​ទូរស័ព្ទដៃ ការEditរូបថត ដាក់ក្រេឌីតលើរូបថតដោយប្រើទូរស័ព្ទដៃ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ( Messenger, Telegram, What’s App ) ។ល។

លោក ពុយ គា បានវាយតម្លៃខ្ពស់ទៅលើក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ដែលលោកប្រៀបប្រដូចក្រសួងមួយនេះទៅនឹង “កូនក្រមុំដ៏ស្អាត” ដែលស្ថាប័នណាក៏ត្រូវការចង់នែបនិត្យជាមួយ ក្នុងការប្រតិបត្តិការងារឱ្យលឿនរហ័ស និងប្រកបដោយសុវត្ថិភាពនាសម័យឌីជីថល។ 

ដោយឡែកលោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានថ្លែងថា “បច្ចេកវិទ្យាឌីជីថលចេះតែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាកត្តាចំបង តម្រូវឱ្យអង្គភាព ស្ថាប័ននានា ជាពិសេសបុគ្គលខ្លួនឯងតែម្តង ត្រូវចាប់យកបច្ចេកវិទ្យាឌីជីថលជាការចំបាច់ក្នុងជីវភាពការងារ និងការរស់នៅប្រចាំថ្ងៃ និងបន្តការយល់ដឹងបន្ថែម បើមិនដូច្នេះទេអ្វីដែលយើងចេះពីប៉ុន្មានឆ្នាំមុន ត្រូវបាត់បង់ទាំងអស់!”

លោក សុផាណារិទ្ធិ បានបន្ថែមទៀតថា “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាននិងកំពុងខិតខំរៀបចំវគ្គបណ្តុះបណ្តាលជាច្រើន ដើម្បីបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យា និងផលប៉ះពាល់នានា ដែលកំពុងមានការគំរាមកំហែង និងហានិភ័យថ្មីៗនៅលើប្រព័ន្ធអ៊ីនធឺណិតដល់មន្រ្តីរាជការ នៅតាមស្ថាប័ននានា ក៍ដូចជាកម្មវិធីសិក្សាជាច្រើនរួមទាំងការផ្តល់អាហារូបករណ៍សម្រាប់លើកទឹកចិត្តសិស្សានុសិស្សដើម្បីចាប់យកជំនាញនេះ  ក្រសួងក៍បាននិងកំពុងរៀបចំផ្សព្វផ្សាយមាតិការអំពីការយល់ដឹងបច្ចេកវិទ្យាឌីជីថលដើម្បីប្រជាពលរដ្ឋអាចទទួលបានពត៍មាន និងងាយស្រួលយល់ដឹងអំពីបច្ចេកវិទ្យាថ្មីៗ”។ 

អ្នកសារព័ត៌មានដែលមានបំណងចង់បន្ថែមចំណេះដឹង និងជំនាញលើការប្រើប្រាស់​ប្រព័ន្ធទំនាក់​ទំនង​សង្គម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និងសុវត្ថិភាព អាចទំនាក់ទំនងមកក្លិបអ្នកកាសែតកម្ពុជាដើម្បីក្លិបស្នើទៅលោករដ្ឋមន្រ្តីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ លោកបណ្ឌិត ជា វ៉ាន់ដេត ដើម្បីរៀបចំបើកវគ្គបណ្តុះបណ្តាលបន្តទៀតដោយឥតគិតថ្លៃ៕

អត្ថបទទាក់ទង