Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3233
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា

ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតិឱ្យឯកឧត្តម ចាស្ទីន ខេវីន វ៉ាយអេត ( JUSTIN KEVIN WHYATT) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងប្រទេសអូស្ត្រាលីនាពេលកន្លងមក ហើយភាគីទាំងពីរត្រូវបន្តពង្រឹង និងពង្រីគកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនេះបន្ថែមទៀត ទាំងក្នុងទាំងវិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច, សង្គម និងការអភិវឌ្ឍន៍នានា ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។
ឯកឧត្តម វង្សី វិស្សុត បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីបានជ្រាប អំពីឆន្ទៈដ៏មោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងការចាប់ផ្តើមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការកែទម្រង់ស៊ីជំរៅ ដោយឈរលើទស្សនវិជ្ជា «យកប្រជាជនជាធំ» និងដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, កាត់បន្ថយភាពក្រីក្រ, បង្កើនប្រសិទ្ធភាពនៃអភិបាលកិច្ច និងលើកកម្ពស់សមត្ថភាពស្ថាប័ន និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច សំដៅឈានឆ្ពោះទៅសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការក៏បានជម្រាបផងដែរ អំពីក្របខណ្ឌគោលនយោបាយចម្បង នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គឺ៖ ទី១. ថែរក្សាឱ្យបាននូវចលនការនៃសុខសន្តិភាព និងការអភិវឌ្ឍ និង ទី២. កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ សម្រាប់រយៈពេល ២៥ ឆ្នាំខាងមុខ តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យចំនួន ៥ ដែលរួមមាន៖ ភាពធន់នៃវិស័យសាធារណៈ, ភាពធន់នៃវិស័យសេដ្ឋកិច្ច, ភាពធន់នៃវិស័យហិរញ្ញវត្ថុ, ភាពធន់នៃវិស័យមូលធនមនុស្ស និងសង្គម និងភាពធន់នៃវិស័យបរិស្ថាន និងក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពខ្ពស់បំផុតដល់ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដើម្បីធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់, ខ្លាំង, ឆ្លាតវៃ និងស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ខាងផ្នែកនយោបាយ, សេដ្ឋកិច្ច និងរដ្ឋបាល ក្នុងការដឹកនាំ, ការគ្រប់គ្រង និងការចាត់ចែងកិច្ចការប្រទេសជាតិ, ការកសាងជាតិ, ការពង្រឹងនីតិរដ្ឋ ដោយយកចិត្តទុកដាក់ដល់ផលប្រយោជន៍ប្រជាជន សំដៅគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងចីរភាព។ ក្នុងស្មារតីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំផ្ទាល់លើការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដោយបានចាប់ផ្តើមធ្វើការកែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «ចេះ គឺជាប់» និងពង្រឹងការអនុវត្តគោលការណ៍គុណាធិបតេយ្យក្នុងមុខងារសាធារណៈ។ ទន្ទឹមនេះ សម្តេចធិបតី ក៏ដឹកនាំដោយផ្ទាល់លើអាទិភាពគន្លឹះចំនួនពីរទៀត ក្នុងវិស័យអប់រំ និងសុខាភិបាល ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាគន្លឹះនៃការអភិវឌ្ឍ និងកសាងជាតិក្នុងរយៈពេលវែង និងការធ្វើទំនើបកម្មសេដ្ឋកិច្ច។
ឯកឧត្តម វង្សី វិស្សុត ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលីផងដែរ អំពីអាទិភាពការងារ សំខាន់ៗរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការមួយរបស់គណៈរដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល ឱ្យបានល្អ, បានលឿន និងប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងផ្តោតលើអាទិភាពការងារសំខាន់ៗ ដូចជា៖ (១).ការរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី (២).ការត្រួតពិនិត្យ និងសម្របសម្រួលការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ឱ្យមានសង្គតិភាព, មិនជាន់គ្នា, មិនលើស, មិនខ្វះ និងសម្រាប់បម្រើឱ្យគោលដៅដោះស្រាយបញ្ហា មិនមែនដើម្បីបង្កើតបញ្ហា និងប៉ះពាល់ដល់ផលិតភាព និងភាពប្រកួតប្រជែងរបស់ប្រទេសជាតិ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន និង (៣).ការសិក្សាស្រាវជ្រាវ និងផ្តល់យោបល់ ព្រមទាំងកិច្ចការតាមដាន, ការត្រួតពិនិត្យ និងការវាយតម្លៃដោយផ្អែកភស្តុតាង លើការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងឱកាសនោះដែរ ឯកឧត្តម ចាស្ទីន ខេវីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្តែងនូវគាំទ្រដល់ការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្នាំ២០៤០ (Southeast Asia Economic Strategy to 2040) របស់អូស្រ្តាលី ដែលក្នុងនោះមានវិធានការចំនួន ៧៥ និងមានអនុសាសន៍ជាក់លាក់សម្រាប់ប្រទេសនីមួយៗ រួមទាំងប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ប៉ុន្តែបានកត់សម្គាល់អំពីភាពមានកម្រិតនៅឡើយនៃការវិនិយោគ និងធុរកិច្ចអូស្ត្រាលីនៅកម្ពុជា ។ ដូចនេះ ភាគីទាំងពីរត្រូវង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងក្នុងការទាក់ទាញការវិនិយោគពីអូស្ត្រាលីមកកម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត៕

អត្ថបទទាក់ទង