សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់មន្ត្រីជំនាញចុះពិនិត្យលើលទ្ធភាពក្នុងការបញ្ចុះថ្លៃអគ្គិសនី
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងជំរុញទៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឲ្យពិនិត្យមើលលើលទ្ធភាពក្នុងការបញ្ចុះថ្លៃអគ្គិសនីកម្រិតណាមួយទៅដល់សហគ្រាសឧស្សាហកម្ម និងកសិកម្ម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជិត ២ម៉ឺននាក់ ក្នុងស្រុកបាទី ខេត្តតាកែវ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថាការគិតគូរបែបនេះនឹងធ្វើឲ្យសហគ្រាសបង្កើនផលិតកម្មរបស់ខ្លួននឹងអាចជ្រើសរើសកម្មករបន្ថែមថែមទៀត ពីព្រោះគាត់ត្រូវការប្រើច្រើនដែរ ដូច្នេះត្រូវពិនិត្យមើលលទ្ធភាពឱ្យគាត់អាចពង្រីកថែមទៀត។
សូមជម្រាបជូនថា នាឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ជូនសម្ដេចអធិបតីភ្លាមៗថា មានសហគ្រាសជាង ២១០០សហគ្រាសដែលទទួលបានប្រយោជន៍ពីការគិតគូរមួយនេះផងដែរ៕