«យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៣» បានប្រកាសបើកជាផ្លូវការក្រោមទិសស្លោក «សីលធម៌យើងប្រពៃ ខ្មែរយើងថ្លាថ្លៃ»
«យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៣» ត្រូវបានបើកជាផ្លូវការក្រោមជាផ្លូវការហើយក្រោមទិសស្លោក «សីលធម៌យើងប្រពៃ ខ្មែរយើងថ្លាថ្លៃ» ដែលជាការវិវត្តបន្ថែមថ្មី ផ្ដោតលើការបញ្ជ្រាបសារអប់រំ ដើម្បីលើកកម្ពស់វប្បធម៌ និងសីលធម៌ នៃការរស់នៅស្អាត ស្របតាមយន្តការចិត្តស្អាត អាកប្បកិរិយាស្អាត ប្រតិបត្តិស្អាត។
យុទ្ធនាការភ្នំពេញស្អាត ត្រូវបានប្រកាសបើកជាផ្លវការ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) នៅថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាសហស្ថាបនិកនៃគម្រោងស្អាត ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្ដម គង់ វិចិត្រ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្ដម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, សហស្ថាបនិកនៃគម្រោងស្អាត និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការសង្គមស៊ីវិល សិល្បករ Influencers អ្នកសារព័ត៌មាន និង យុវជនសុឆន្ទៈស្អាតជាច្រើនរូបផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រោមទិសស្លោកថ្មីនេះគម្រោងស្អាតបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តធំៗ ចំនួនបួនរួមមាន “ចិត្តខ្ញុំស្អាត ខ្មែរស្អាត”, “ការងារខ្ញុំស្អាត ខ្មែរស្អាត”,“ខ្ញុំទំពាំងស្អាត ខ្មែរស្អាត” និង“ធុរកិច្ចយើងស្អាត ខ្មែរស្អាត” ដែលយើងជឿជាក់យ៉ាងមុតមាំថា ទីក្រុងស្អាត ផ្តើមចេញពីការមានផ្នត់គំនិតវិជ្ជមាន ឥរិយាបទថ្លៃថ្នូរ របស់ប្រជាជនខ្មែរគ្រប់រូប៕