មហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ បានគូសបញ្ជាក់ពីវីរៈភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចមហាពញាចក្រី ហេង សំរិន និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
អង្គមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ បានដំណើរការអស់រយៈពេល១ព្រឹក នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលមានអ្នកចូលរួមជាង៥០០នាក់។
ក្នុងស្មារតីសាមគ្គីភាពជាភាតរៈ អង្គមហាសន្និបាតបានបំពេញការងារដោយជោគជ័យ តាមរបៀបវារៈដែលបានកំណត់ និងបានដាក់ចេញនូវសេចក្តីសម្រេចចិត្តចំនួន១១ចំណុច ដោយផ្តោតលើ ការបន្តសកម្មភាពការងាររបស់រណសិរ្សគ្រប់ថ្នាក់នាពេលកន្លងមក និងបានកំណត់ទិសដៅសកម្មភាពការងារនាពេលខាងមុខស្របតាមការវិវឌ្ឍថ្មីនៃសភាពការណ៍របស់ប្រទេសជាតិ ដែលកំពុងឈានទៅមុខយ៉ាងរលូនលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍ។
អង្គសន្និបាតបានសំដែងនូវក្តីអំណរសាទរយ៉ាងក្រៃលែង ចំពោះសមិទ្ធផលដែលសម្រេចបាន ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ន ដែលដឹកនាំដោយរាជរដ្ឋាភិបាលពីមួយអាណត្តិទៅមួយអាណត្តិ។ ជាពិសេសគឺអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបូជាទាំងកម្លាំងកាយ ស្មារតី និងបញ្ញាញាណ ដឹកនាំអង្គការរណសិរ្សឱ្យមានដំណើរការ និងវឌ្ឍនភាពក្នុងរយៈពេលកន្លងមក។ សម្តេចទាំងពីរ គឺជាអគ្គស្ថាបនិកដ៏ឧត្តុង្គឧត្តមរបស់អង្គការរណសិរ្ស គឺជាបុព្វការីដ៏មានគុណូបការៈបំផុត ដែលបានធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ប្រកបដោយមហាវីរៈភាពក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ និងបានខិតខំស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិរហូតមានការរីកចម្រើនដូចសព្វថ្ងៃ។ អង្គមហាសន្និបាតក៏បានប្តេជ្ញាអនុវត្តតាមអនុសាសន៍សម្តេចទាំងពីរ ដែលបានលើកឡើងក្នុងអង្គពិធី ទុកជាដំបូន្មានដ៏មានតម្លៃសម្រាប់តម្រង់ទិសនៃសកម្មភាពរបស់អង្គការរណសិរ្សគ្រប់ថ្នាក់ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕