Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សមយុទ្ធនាគមាសកម្ពុជា-ចិន នឹងបិទបញ្ចប់នៅថ្ងៃនេះហើយ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1310
សមយុទ្ធនាគមាសកម្ពុជា-ចិន នឹងបិទបញ្ចប់នៅថ្ងៃនេះហើយ សមយុទ្ធនាគមាសកម្ពុជា-ចិន នឹងបិទបញ្ចប់នៅថ្ងៃនេះហើយ

សមយុទ្ធនាគមាសលើកទី៥ រវាងកងទ័ពកម្ពុជា និងចិន បិទបញ្ចប់នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ ហើយពិធីបិទសមយុទ្ធនាគមាសនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯក វួយ វិនហួយ មេបញ្ជាការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន។

សមយុទ្ធនាគមាសឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ “ប្រតិបត្តិការការពារ សន្តិសុខ ក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន” និងមានរយៈពេល១៤ថ្ងៃ ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ សមយុទ្ធធ្វើឡើងនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

គួររំលឹកថា សមយុទ្ធនាគមាសលើកទី៥នេះ រៀបចំធ្វើឡើង ដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក និងដើម្បីលើកកម្ពស់សមត្ថភាពរបស់កងទ័ពកម្ពុជា ពុំមែនធ្វើឡើងក្នុងគោលបំណងគំរាមកំហែងដល់នរណា ឬប្រទេសណាឡើយ។ សមយុទ្ធនេះ ភាគីកម្ពុជា មានកងទ័ពចូលរួមផ្ទាល់ចំនួន ៥៨៣នាក់ ដោយឡែកកងទ័ពចិនមានចំនួន ២៥៧នាក់។ ការធ្វើសមយុទ្ធនេះ គឺជាការគ្រោងទុកជាយូរណាស់មកហើយ រវាងកងទ័ពនៃប្រទេសទាំងពីរ ពុំមែនធ្វើឡើងដោយចៃដន្យនោះឡើយ។

សមយុទ្ធនេះ គឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាលចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅ និងធ្វើការ ងាររួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។ សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន បានធ្វើឡើងលើកដំបូងនៅឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់រួមមានឆ្នាំ២០១៨, ២០១៩ និងឆ្នាំ២០២០៕