Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចកម្ពុជានឹងស្ទុះឡើងជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1208
ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចកម្ពុជានឹងស្ទុះឡើងជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ ធនាគារអភិវឌ្ឍន៍អាស៊ី៖ សេដ្ឋកិច្ចកម្ពុជានឹងស្ទុះឡើងជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍

យោងតាមរបាយការណ៍ចេញ ផ្សាយនៅថ្ងៃនេះដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើងក្នុងអត្រា៥,៥ភាគរយ ក្នុងឆ្នាំ២០២៣ និង៦,០ភាគរយ នៅឆ្នាំ ២០២៤ ជំរុញដោយការងើបឡើងវិញ ដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។

នាយិកាប្រចាំប្រទេសកម្ពុជា របស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា “ទោះបីជាតម្រូវការពិភពលោកចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អនៅឆ្នាំ ២០២២ ជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ដែលកំពុងបន្ត។ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាមានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តដែលរួមតូច និងកម្រិតអតិផរណាមធ្យមនៅឆ្នាំ២០២៣”។

ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) ខែមេសា ២០២៣ បង្ហាញថា វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងកើនឡើង ៧,៣ភាគរយ ក្នុងឆ្នាំ ២០២៣ មុនពេលថយបន្តិចមកត្រឹម ៦,៨ភាគរយ នៅឆ្នាំ ២០២៤។ សម្ពាធអតិផរណាត្រូវបានរំពឹងថា នឹងធ្លាក់ចុះមកអត្រាជាមធ្យម ៣,0ភាគរយ ក្នុងឆ្នាំ ២០២៣ និង ៤,0ភាគរយ នៅឆ្នាំ២០២៤។ របាយការណ៍នេះរំលេចថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក៏ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់របស់ប្រទេស ក្នុងការបង្កើនការវិនិយោគបៃតង ដើម្បីទទួលបានសក្ដានុពលកំណើនរយៈពេលវែង។

របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីនេះ លើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើងប្រមាណ ៥,២ភាគរយ ក្នុងឆ្នាំ ២០២២ ជាពិសេសដោយសារកំណើនតម្រូវការខាងក្រៅលើផលិតផល និងសេវាកម្មទេសចរណ៍របស់កម្ពុជា ដែលជំរុញឡើងវិញនូវតម្រូវការអាហារ និងកន្លែងស្នាក់នៅ និងកំណើនអនុវវិស័យពាណិជ្ជកម្ម ការដឹកជញ្ជូន និងទំនាក់ទំនង ក្នុងស្រុក។ ជាមួយនឹងភាពប្រសើរឡើងនៃទំនុកចិត្តក្នុងការធ្វើដំណើរ និងការលុបចោលការរឹតបន្តឹងការធ្វើដំណើរ ការមកដល់នៃភ្ញៀវអន្តរជាតិបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងដល់ប្រហែល ២,៣ លាននាក់ក្នុងឆ្នាំ ២០២២ ពីមូលដ្ឋានទាបប្រហែល ២00.000 កាលពីឆ្នាំ ២០២១ ។ កំណើននៃវិស័យកសិកម្មបានធ្លាក់ចុះនៅឆ្នាំ ២០២២ ដោយសារតែតម្លៃប្រេងឥន្ធនៈ និង វត្ថុធាតុដើមសម្រាប់វិស័យកសិកម្មផ្សេងទៀត។

កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរត្រូវបានព្យាករថានឹងធ្លាក់ចុះ ដោយសារតែតម្រូវការខាងក្រៅខ្សោយនៅក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុប ដែលជាទិសដៅនាំចេញដ៏សំខាន់។ ទោះជាយ៉ាងណាក៏ដោយ វិស័យឧស្សាហកម្មនៅតែបន្តទទួលបានអត្ថប្រយោជន៍ពីកំណែទម្រង់ គោលនយោបាយរួមទាំងច្បាប់វិនិយោគឆ្នាំ ២០២១ ដែលបានបង្កើតសេវាកម្មច្រកចេញចូលតែមួយ សម្រាប់អ្នកវិនិយោគ និងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ។

ផលិតផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៥,៨ ភាគរយ ក្នុងឆ្នាំ២០២៣ មុននឹងហក់ដល់៧,៨ភាគរយ នៅឆ្នាំ២០២៤។ កំណើនវិស័យសំណង់ត្រូវបានរំពឹងថា នឹងនៅតែយឺត។ វិស័យកសិកម្មត្រូវបានព្យាករថានឹងកើនឡើង១,១ភាគរយ នៅឆ្នាំនេះ និង ១,២ភាគរយ ក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយទិន្នផលដំណាំ សម្រាប់ការនាំចេញ។

លោកស្រី Jyotsana Varma បានបន្ថែមថា “ហានិភ័យដែលអាចធ្វើឱ្យប្រែប្រួលទស្សនវិស័យនេះរួមមានកំណើនខ្សោយនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប កម្រិតខ្ពស់នៃបំណុលឯកជន កំណើនតិចជាងការរំពឹងទុកនៃការមកដល់នៃភ្ញៀវទេសចរនិងការវិនិយោគផ្ទាល់ពីបរទេសពីសាធារណៈរដ្ឋប្រជាមានិតចិន តម្លៃថាមពលខ្ពស់ និងព្រឹត្តិការណ៍អាកាសធាតុអាក្រក់ដែលប៉ះពាល់ដល់ផលិតភាពកសិកម្ម”៕