Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រដ្ឋសភាបំពាក់គ្រឿងឥស្សរិយយស ដល់សមាជិកសមាជិការដ្ឋសភា នីតិកាលទី៦

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1267
រដ្ឋសភាបំពាក់គ្រឿងឥស្សរិយយស ដល់សមាជិកសមាជិការដ្ឋសភា នីតិកាលទី៦ រដ្ឋសភាបំពាក់គ្រឿងឥស្សរិយយស ដល់សមាជិកសមាជិការដ្ឋសភា នីតិកាលទី៦

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនដល់សមាជិកសមាជិការដ្ឋសភា នីតិកាលទី៦ នៅវិមានរដ្ឋសភា។

ការផ្តល់គ្រឿងឥស្សរិយយសជូនសមាជិកសមាជិការដ្ឋសភានាពេលនេះ ដើម្បីឆ្លើយតបនឹងគុណបំណាច់ដ៏ឧត្តុង្គឧត្តម ដែលបានបំពេញការងារជូនជាតិ និងប្រជាជន និងស្របតាមច្បាប់ដែលបានកំណត់។

គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជូនថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភានាពេលនេះមាន គ្រឿងឥស្សរិយយស ជាតូបការ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ គ្រឿង ឥស្សរិយយសសម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា គ្រឿងឥស្សរិយយសសម្តេចពញរះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរ័ត្ន ថ្នាក់មហាសេនា គ្រឿង ឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា គ្រឿងឥស្សរិយយយព្រះរាជា ណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា។

សូមជម្រាបថា រដ្ឋសភានីតិកាលទី៦ បានបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

រដ្ឋសភានីតិកាលទី៦ បានបំពេញតួនាទី ក្នុងការបម្រើប្រជាពលរដ្ឋស្របតាមច្បាប់ ដែលមានភារកិច្ចសំខាន់ៗដូចជា ការងារនីតិកម្ម (ធ្វើច្បាប់) ការងារបោះឆ្នោតទុកចិត្ត និងការបោះឆ្នោតជ្រើសតំាង ភាពជាតំណាងប្រជាពលរដ្ឋ និងការឃ្លាំមើលការអនុវត្តច្បាប់។

រដ្ឋសភានីតិកាលទី៦ បានអនុម័តច្បាប់សំខាន់ៗបានចំនួន១០៩ គិតត្រឹមខែមីនា ឆ្នាំ២០២៣។ ក្រៅពីការតាក់តែងច្បាប់ ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភាបានខិតខំយកអស់កម្លាំងកាយចិត្ត ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមណ្ឌលដែលខ្លួនទទួលខុសត្រូវយ៉ាងសស្រាក់សស្រាំ និងបាននាំមកនូវសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋរួមគ្នាដោះស្រាយទៅតាមនីតិវិធីបានយ៉ាងល្អប្រសើរ។ នៅក្នុងនោះនីតិកាលទី៦ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានពង្រឹងវិស័យការទូតសភា គួរឱ្យកត់សម្គាល់ផងដែរ។

នៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសនោះដែរ ដោយថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ បានខិតជិតមកដល់ សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា បានគោរពជូនពរ បួងសួងដល់គុណព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក និងសូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទំាងថ្នាក់ដឹកនាំរដ្ឋសភាទំាងអស់ សូមមានជន្មាយុយឺនយូរ និងសុខមាលភាពបរិបូរណ៍ ដើម្បីបន្តដឹកនាំរដ្ឋសភា ក៏ដូចជាប្រទេសកម្ពុជា ឆ្ពោះទៅកាន់វឌ្ឍនភាព ក្នុងសុខសន្តិភាព កាន់តែរុងរឿងឡើង៕