ទីបំផុត! ខ្មែរមួយជីវិត បា្រប់ពីមូលហេតុដែលលោកចូលចិត្តសហការផលិតចម្រៀងជាមួយសិល្បករថ្មីៗ
មុននេះបន្តិចកម្មវិធី podcast របស់ content creator ដ៏ល្បីឈ្មោះក្នុងប្រទេសកម្ពុជា រៀនថត Rean Thort ទើបបញ្ចេញ episode ចុងក្រោយនៃ Season 3 FINALE: រៀនមួយជីវិត ហើយភ្ញៀវកិត្តិយសនោះគឺកំពូលតារារ៉េបប្រចាំស្រុកខ្មែរ Khmer1Jivit។
ក្នុងការជជែកដ៏យូរដែលមានរយៈពេលជាង ២ ម៉ោង ម្ចាស់បទ “ឆក់ព្រលឹង” បានបទពិសោធន៍រស់នៅអាមេរិក និងការងារនៅក្នុងរង្វង់សិល្បៈអស់រយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ។ ពេលជជែកឆ្លងឆ្លើយជាមួយលោក ឆេង សុភ័ក្ត្រ ម្ចាស់ផេក រៀនថត Rean Thort និង Raven Blaze តារាប្រុសដែលមានឈ្មោះពិត ឡេង សុវណ្ណារ៉ា បាននិយាយដល់រឿងឡើងច្រៀងលើឆាកផ្ទាល់ និងការសហការផលិតបទចម្រៀងជាមួយតារាថ្មីៗ។
ខ្មែរ ១ ជីវិតបានឲ្យដឹងភាគច្រើនលោកមិនសូវជាបានឡើងឆាកទេ ព្រោះលោកធ្វើចម្រៀងនៅអាមេរិក ទើបតែមានឱកាសបានមកស្រុកខ្មែរ ដែលត្រូវបានកម្មវិធី The Rapper Cambodia អញ្ជើញមកធ្វើជាគ្រូបង្វឹក ហើយពេលទំនេរពីកម្មវិធី លោកបានចេញតាមកម្មវិធីមួយចំនួន ដើម្បីបានជួបផ្ទាល់ជាមួយអ្នកគាំទ្រ ដែលទន្ទឹងរង់ចាំលោកជាយូរមកហើយនោះ។
ម្ចាស់បទ “Look In My Eye” បានបញ្ជាក់ថា ការឡើងសម្ដែងលើឆាកផ្ទាល់មិនត្រឹមដើម្បីហ្វេនប៉ុណ្ណោះទេ ក៏ធ្វើដើម្បីខ្លួនឯងដែរ។ ធ្វើដើម្បីខ្លួនឯងត្រង់ចំណុចនេះ គឺលោកចង់មានន័យថា អាចឡើងសម្ដែងលើឆាកគ្រប់បទចម្រៀងរបស់ខ្លួនឯង និងអាចធ្វើបានកាន់តែប្រសើរឡើង កុំឲ្យគេថាខ្លាំងតែក្នុងស្ទូឌីយោ ស្រាប់តែឡើងឆាករញីរញ័រ។ លោកបន្ថែមថា “អ្នកជា King ដូចនេះមិនថាកន្លែងណាទេអ្នកនៅតែជា King”។
មួយវិញទៀត K1J បានឆ្លើយតបនឹងសំណួរថា ហេតុអ្វីបានជាមួយរយៈនេះលោកចូលចិត្តសហការជាមួយតារាចម្រៀងដទៃ ជាជាងចេញបទតែម្នាក់ៗឯង។ ព្រោះលោកមានបំណងចង់លើក artist ផ្សេងទៀតដែលគ្នាមិនទាន់មានឱកាសបញ្ចេញមុខ តែគ្នាមានសមត្ថភាពរួចទៅហើយ។ ចំណែកឯហេតុផលមួយទៀតព្រោះ ខ្មែរ ១ ជីវិត ពេញចិត្តនឹងសមត្ថភាព artist ទាំងនោះតែម្ដង។
មិនត្រឹមតែប៉ុណ្ណោះ ខ្មែរ ១ ជីវិត ចង់បញ្ជាក់ឲ្យដឹងថា បើទោះជាធ្វើចម្រៀងប្រភេទណា ឬច្រៀងឧបករណ៍ថ្មី ឬសហការជាមួយសិល្បករថ្មី ក៏លោកនៅតែអាចធ្វើបាន និងនៅតែជាខ្លួនឯងដដែល ព្រោះលោកមានសមត្ថភាពគ្រប់គ្រាន់អាចបត់បែនគ្រប់កាលៈទេសៈ ហើយអ្វីដែលលោកនិយាយពេលនេះ គឺដូចក្នុងន័យក្នុងបទចម្រៀង ” Cambo Calling”៕
ប្រភពអត្ថបទ៖ AMS Infotainment