Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

កម្ពុជាបង្ហាញសមិទ្ធផលជោគជ័យវិស័យសុខាភិបាល ក្នុងពិធីអបអរសាទរគម្រប់ខួបលើកទី៧៥ របស់អង្គការសុខភាពពិភពលោក

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1294
កម្ពុជាបង្ហាញសមិទ្ធផលជោគជ័យវិស័យសុខាភិបាល ក្នុងពិធីអបអរសាទរគម្រប់ខួបលើកទី៧៥ របស់អង្គការសុខភាពពិភពលោក កម្ពុជាបង្ហាញសមិទ្ធផលជោគជ័យវិស័យសុខាភិបាល ក្នុងពិធីអបអរសាទរគម្រប់ខួបលើកទី៧៥ របស់អង្គការសុខភាពពិភពលោក

ក្នុងឱកាសទិវាសុខភាពពិភពលោក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញសមិទ្ធផលជោគជ័យវិស័យសុខាភិបាលគួរឱ្យកត់សម្គាល់ជាច្រើន ដែលសម្រេចបាននៅកម្ពុជា ដើម្បីអបអរសាទរគម្រប់ខួបលើកទី៧៥ នៃការបង្កើតអង្គការ សុខភាពពិភពលោក (WHO) នាឆ្នាំ១៩៤៨ ក្រោមប្រធានបទ “សុខភាពសម្រាប់ទាំងអស់គ្នា” និងជាការចាប់ផ្ដើមយុទ្ធនាការ រយៈពេលពេញមួយឆ្នាំ ប្រារព្ធពិធីអបអរសាទរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរួម របស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក បានឱ្យដឹងទៀតថា ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសុខភាពពិភពលោកនា ឆ្នាំ១៩៥០ ដែលកាលនោះប្រទេសកម្ពុជា គឺជាសមាជិកសហភាពបារាំង ហើយចាប់តាំងពីពេលនោះរហូតមក អង្គការសុខភាពពិភពលោក បានក្លាយជាដៃគូសុខាភិបាលរបស់កម្ពុជា ដោយធ្វើការងារ ដើម្បីរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសកាន់តែមានសុវត្ថិភាព និងសុខភាពកាន់តែប្រសើរសម្រាប់ទាំងអស់គ្នា។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានសមិទ្ធផល ធំធេងលើគ្រប់វិស័យ ជាពិសេស ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់និងអន្តរជាតិ តាមរយៈនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់។ល។ សូមសម្តែងនូវការអបអរសាទរ នាឱកាសគម្រប់ខួប៧៥ឆ្នាំ នៃការបង្កើតអង្គការសុខភាពពិភពលោក (WHO)។

ព្រះរាជាណាចក្រកម្ពុជា ក៏សូមវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកថែទាំ សុខភាពសហគមន៍ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ សហគមន៍ និងប្រជាជនកម្ពុជាទាំងអស់ ដែលបានសហការ ជាមួយអង្គការសុខភាពពិភពលោក និងដៃគូសុខាភិបាលជាច្រើនផ្សេងទៀត ក្នុងការចូលរួមចំណែកធ្វើឱ្យប្រជាជនកម្ពុជា កាន់តែមានសុខសុវត្ថិភាព និងសុខភាពល្អប្រសើរ”……៕