អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឆ្លើយតបទៅលោក ផែង វណ្ណៈ លើករណីមន្ដ្រីកងរាជអាវុធហត្ថខេត្តក្រចេះ ប្រើកាំភ្លើងខ្យល់បាញ់សត្វស្លាប
បន្ទាប់ពីកងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយឃ្លីបវីដេអូមួយ ដែលលោក ផែង វណ្ណៈ បកស្រាយអំពីមន្ដ្រីកងរាជអាវុធហត្ថខេត្តក្រចេះ ប្រើកាំភ្លើងខ្យល់បាញ់សត្វស្លាប ហើយបានស្នើសុំទៅមន្ត្រីរដ្ឋបាលព្រៃឈើ និងតំណាងអយ្យការឱ្យជួយអន្តរាគមន៍ ដោយ លោក ផែង វណ្ណៈ ក៏បានរំលឹកដល់ការទទួលខុសត្រូវរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថ ឱ្យយកចិត្តទុកដាក់ចំពោះយោធិននៃកងរាជអាវុធហត្ថក្រោមឱវាទ ឱ្យអាណិតកូនចៅ ដែលខំធ្វើការបម្រើជាតិបម្រើប្រជាជនអស់ច្រើនឆ្នាំមកហើយ។
ពាក់ព័ន្ធនឹងករណីនេះដែរ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីបំភ្លឺសាធារណជននិងអ្នកពាក់ព័ន្ធឱ្យបានដឹងថា រដ្ឋបាលព្រៃឈើមានសមត្ថកិច្ចជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតបទល្មើសព្រៃឈើ និងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដូចមានចែងក្នុងមាត្រា៧៦នៃច្បាប់ស្តីពីព្រៃឈើ។ ការឃាត់ខ្លួនឈ្មោះ កង សុផាណារ័ត្ន ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើ គឺកងរាជអាវុធហត្ថអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់ និងក្រមនីតិវិធីព្រហ្មទណ្ឌ មិនមែនធ្វើតាមអារម្មណ៍ ឬធ្វើតាមការបញ្ចេញមតិក្នុងប្រព័ន្ធព័ត៌មានសង្គម ឬខ្លាចដោយមិនមានការទទួលខុសត្រូវនោះទេ។ លើសពីនេះ ក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ ត្រូវតែជាគំរូក្នុងការគោរពច្បាប់ បើប្រព្រឹត្តអំពើល្មើស ត្រូវតែអនុវត្តតាមច្បាប់។ ហើយអ្នកដែលមានសិទ្ធិអំណាចចោទប្រកាន់មានតែតំណាងអយ្យការ ប៉ុណ្ណោះ មន្ត្រីនគរបាលយុត្តិធម៌ មិនអាចតម្កល់រឿងក្តីព្រហ្មទណ្ឌឥតចាត់ការបានឡើយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ បានគូសបញ្ជាក់ថា លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវទិសស្លោកជាត្រីវិស័យក្នុងការអនុវត្តតួនាទី ភារកិច្ច នាពេលកន្លងមក គឺ «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាជនត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប»។ យោធិននៃកងរាជអាវុធហត្ថគ្រប់រូប ត្រូវបានអប់រំបណ្ដុះបណ្តាល ហ្វឹកហ្វឺន ជាពិសេសការអប់រំចិត្តសាស្ត្រជាប្រចាំ ឱ្យគោរពច្បាប់ គោរពវិន័យកងទ័ព ប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ «កុំថាឡើយបាញ់សត្វកុក សូម្បីតែសត្វចាបក៏មិនត្រូវបាញ់ទេ ព្រោះយើងជាមន្ត្រីប្រតិបត្តិច្បាប់»។
បន្ថែមពីលើនេះ យោធិននៃកងរាជអាវុធហត្ថគ្រប់រូប ត្រូវបានយកចិត្តទុកដាក់ខ្ពស់ទាំងការហូប ការស្នាក់នៅ ការស្លៀកពាក់ពីក្បាលដល់ចុងជើង ការថែទាំ ព្យាបាលជំងឺ និងគោលនយោបាយដោះស្រាយទុក្ខលំបាក ដោយមានមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថដែលជាគំនិតផ្តួចផ្តើមរបស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាការចូលបុណ្យដោយស្ម័គ្រចិត្ត ទ្រទ្រង់ដល់គ្រួសាររបស់យោធិននៃកងរាជអាវុធហត្ថដែលពលីមរណៈ ក្នុងនោះថវិកាចូលបុណ្យរបស់លោកនាយឧត្តមសេនីយ៍ ក្នុងមួយសពចំនួន ៥.០០០.០០០រៀល ផងដែរ៕
សូមអានខ្លឹមសារនៅខាងក្រោមនេះ ៖