សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាង និងចាត់វិធានការបិទជាបន្ទាន់ក្នុងករណីមានការបើកថ្មី
បន្ទាប់ពីចេញបទបញ្ជាឱ្យផ្អាកការចេញអាជ្ញាប័ណ្ណ និងផ្អាកការផ្តល់សិទ្ធិក្នុងការបើកទីតាំងល្បែងផ្សងសំណាងបន្ថែមនៅតាមមូលដ្ឋានកាលពីពេលកន្លងទៅថ្មីៗនេះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចេញបញ្ជាដល់អភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រូវត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាងផ្សេងៗ ហើយបើក្នុងករណីមានបន្តបើកថ្មីទៀត នោះត្រូវចាត់វិធានការបិទជាបន្ទាន់ និងត្រូវរាយការណ៍ត្រង់ទៅសម្តេច។
នៅក្នុងសារសំឡេងពិសេស ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះជាពេលវេលាដែលយើងត្រូវចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងអស់គ្នា ដើម្បីកសាង និងពង្រីកសមិទ្ធផលវិជ្ជមានរបស់រាជរដ្ឋាភិបាល ដែលរួមមានដូចជា ផ្លូវថ្នល់ ភ្លើង ប្រឡាយទឹក ពង្រាយមន្រ្តីកសិកម្មទៅតាមមូលដ្ឋាន និងបង្កើតរោងចក្រសហគ្រាសឱ្យដល់មូលដ្ឋាន ដើម្បីជួយបង្កើតការងារនិងបង្កើនចំណូលជូនប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ផងដែរថា នេះមិនមែនជាពេលវេលាដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការពង្រាយទីតាំងល្បែងនោះទេ បើទោះបីជាមានច្បាប់អនុញ្ញាតហើយក៏ដោយ៕