ចាប់ខ្លួនបុរសជនជាតិតៃវ៉ាន់២នាក់ បន្ទាប់ពីផលិតមាតិកាវីដេអូបង្កឱ្យប៉ះពាល់ដល់កិត្តិយស សន្ដិសុខសណ្ដាប់ធ្នាប់ និងទេសចរណ៍ ក្នុងខេត្តព្រះសីហនុ

បុរសជនជាតិតៃវ៉ាន់ ២នាក់ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីពួកគេរួមគំនិតគ្នាផលិតមាតិកាវីដេអូ ប្រឌិតរឿងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសន្ដិសុខសណ្ដាប់ធ្នាប់ និងទេសចរណ៍ ក្នុងខេត្តព្រះសីហនុ។
ជនជាតិចិនតៃវ៉ាន់ទាំង២នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួននៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមនានា ជាពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ ឬចុចឡាយ រហូតដល់ជាង៥លាននាក់។
វីដេអូដែលពួកគេផលិតនោះមានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារ កាស៊ីណូ ឬទីតាំងផ្សេងៗ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ទាំងដែលធាតុពិតមិនមានហេតុការណ៍នេះកើតឡើងឡើយ ពោលគឺពួកគេប្រឌិតរឿងឡើងដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ។ វីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ជាពិសេសភ្ញៀវទេសចរណ៍បរទេសដែលមានបំណងចង់មកលេងកម្សាន្ដនៅខេត្តទេសចរណ៍មួយនេះ។
ក្រោយចាប់ខ្លួនកម្លាំងសមត្ថកិច្ចជំនាញ ដកហូតបានស្រោមមុខខ្មោច និងសម្ភារៈបម្រើឲ្យការថតវីដេអូមួយចំនួនទៀតផងដែរ៕