គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចេញសេចក្តីណែនាំស្តីពីការពង្រឹងការគ្រប់គ្រងប្រតិបត្តិការល្បែងផ្សងសំណាង
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា គលក នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានចេញសេចក្តីណែនាំចំពោះអ្នកកាន់កាប់អាជ្ញាប័ណ្ណល្បែងផ្សងសំណាង អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និងលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងឱ្យទាំងអស់ ត្រូវ អនុវត្តឱ្យបានត្រឹមត្រូវតាមសៀវភៅបន្ទុកស្តីពីលក្ខខណ្ណនៃការផ្តល់អាជ្ញាបណ្ណល្បែងផ្សងសំណាង និងតម្រូវឱ្យធ្វើប្រតិបត្តិការអាជីវកម្មនៅតាមទីតាំងដែលមានបញ្ជាក់លើអាជ្ញាបណ្ណ។
បន្ថែមពីលើនេះត្រូវដាក់តាំងអាជ្ញាបណ្ណ និងវិញ្ញាបនបត្រចុះបញ្ជីប្រភេទ និងឧបករណ៍ល្បែងសម្រាប់ល្បែងផ្សងសំណាង និងឧបសម្ព័ន្ធនៃវិញ្ញាបនបត្រចុះបញ្ជីប្រភេទ និងឧបករណ៍ល្បែងសម្រាប់ល្បែងផ្សងសំណាងច្បាប់ដើមនៅទីតាំងក្រុមហ៊ុន និងទីតាំងសាខាល្បែងផ្សងសំណាង និងទីតាំងប៉ុស្តិ៍សេវាល្បែងផ្សងសំណាង ជាពិសេស ត្រូវដំណើរការតែប្រភេទល្បែង និងឧបករណ៍ល្បែងដែលមានការអនុញ្ញាតិពី គលក តែប៉ុណ្ណោះ។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ក្នុងករណីដែលប្រតិបត្តិការមិនអនុវត្តតាមការណែនាំ ឬលួចលាក់បង្កប់ការលេងល្បែងដែលមិនមានការអនុញ្ញាតិ ត្រូវចាត់ទុកជាបទល្មើសទៅនឹងច្បាប់ ដែលអាចឈានដល់ការព្យួរ ឬដកហូតអាជ្ញាបណ្ណ និងអាចឈានដល់ផ្តន្ទាទោសតាមចាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងនៃព្រះរាជាណាចក្រកម្ពុជា៕