ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្តី ចេញសេចក្តីបំភ្លឺថា សម្តេចធិបតី ហ៊ុន ម៉ាណែត ពុំមានកិច្ចការអ្វីជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊្រីនលាន ស៊ីធី និងសមាគមពលករ និងអតីតពលករដើម្បីសប្បុរសធម៌របស់ឧកញ៉ា ឡេង ចាន់ណា នោះឡើយ
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការផ្សព្វផ្សាយព័ត៌មានជាវីដេអូខ្លីៗមួយចំនួនរបស់ឧកញ៉ា ឡេង ចាន់ណា តាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដោយបានលើកឡើងនូវឈ្មោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យសាធារណជនទូទៅ មានការភាន់ច្រឡំថា សម្តេចធិបតី បានជាប់ពាក់ព័ន្ធនឹង ឬនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា។
នៅក្នុងសេចក្តីបំភ្លឺព័ត៌មានចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្តី បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការផ្សព្វផ្សាយព័ត៌មានជាវីដេអូខ្លីៗទាំងនោះ ដែលជាប្រភេទព័ត៌មានគ្មានប្រភព និងគ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឱ្យសាធារណជនទូទៅ មានការភាន់ច្រឡំ និងនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងសេចក្តីបំភ្លឺរបស់ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្តីដដែលនោះដែរ បានគូសបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ឧកញ៉ា ឡេង ចាន់ណា ដែលជាអគ្គនាយិកាក្រុមហ៊ុន ប៊្រីនលាន ស៊ីធី ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ បដិសេធចំពោះការផ្សព្វផ្សាយតាមបណ្តាញផ្សព្វផ្សាយសង្គមនានា ហើយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឧកញ៉ា ឡេង ចាន់ណា ក៏បានចេញលិខិតសារភាពកំហុស និងសូមអភ័យទោសពីសម្តេចធិបតី ចំពោះការលើកឡើងថា សម្តេចធិបតី ជាអ្នកបង្កើតសមាគមពលករ និងអតីតពលករដើម្បីសប្បុរសធម៌ផងដែរ។
ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពុំមានកិច្ចការអ្វីជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊្រីនលាន ស៊ីធី និងសមាគមពលករ និងអតីតពលករដើម្បីសប្បុរសធម៌របស់ឧកញ៉ា ឡេង ចាន់ណា នោះទេ៕