សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៦៧ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី
នៅក្នុងពិធីចុះហត្ថលេខា និងសន្និសីទរួមគ្នារវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ដាតុស៊េរី អាន់វ៉ាអ៊ីប្រាហ៊ឹម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងឆ្នាំ២០២៤នេះ គឺជាខួបលើកទី៦៧ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងម៉ាឡេស៊ី ហើយពេលនេះចំណងទាក់ទងការទូតរវាងប្រទេសទាំងពីរ បានកើនឡើងដល់កម្រិតខ្ពស់មួយគួរឱ្យកត់សម្គាល់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី រួមមាន៖ ទំនាក់ទំនងសេដ្ឋកិច្ច ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការពង្រឹងចំណងទាក់ទងផ្នែកការពារជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ភាគីម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់និងសម្របសម្រួលចំពោះពលករខ្មែរដែលកំពុងបំពេញការងារនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ៕