Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

៨ វិធីជួយការកាត់បន្ថយជាតិខ្លាញ់នៅលើផ្ទៃមុខបានយ៉ាងល្អ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សុខភាព 1050
៨ វិធីជួយការកាត់បន្ថយជាតិខ្លាញ់នៅលើផ្ទៃមុខបានយ៉ាងល្អ ៨ វិធីជួយការកាត់បន្ថយជាតិខ្លាញ់នៅលើផ្ទៃមុខបានយ៉ាងល្អ

ជាធម្មតាស្បែកមុខរបស់យើងមិនអាចមិនមានជាតិខ្លាញ់សោះនោះទេដោយសារសារធាតុ sebum មានសារៈសំខាន់ជួយការពារស្បែក ពង្រឹងសុខភាពស្បែក និងរក្សាសំណើមបានល្អ។ ប៉ុន្តែនៅពេលដែលស្បែកមុខយើងផលិតជាតិខ្លាញ់ច្រើនខ្លាំងពេកនឹងបណ្ដាលឱ្យមានបញ្ហាស្ទះរន្ធញើស និងកើតមុនជាមិនខាន។ ដូច្នេះថ្ងៃនេះ Khmer first នឹងចែករំលែកនូវ ៨ វិធីជួយកាត់បន្ថយជាតិខ្លាញ់លើផ្ទៃមុខ៖

១. លាងសម្អាតមុខឱ្យបានត្រឹមត្រូវ

 

យើងគួរតែលាងមុខនឹងទឹកត្រជាក់ជាមួយផលិតផលសម្អាតមុខដែលមានសាច់ទន់ ឬអាចហៅបានថាជា gentle cleanser។ ជាមួយគ្នានេះ ផលិតផលលាងសម្អាតមុខដែលមានតុល្យភាព pH គឺអាចជួយការពារស្បែកយើងពីការខ្សោះជាតិទឹក និងមិនចាំបាច់ត្រូវលាងមុខញឹកញាប់ពេកនោះទេ។ បន្ថែមលើនេះ អ្នកមានប្រភេទស្បែកមុខខ្លាញ់គួរតែជៀសវាងការប្រើប្រាស់ផលិតផលដែលមានក្លិនក្រអូបព្រោះវាអាចធ្វើឱ្យស្បែកបង្កើតជាតិប្រេងកាន់តែច្រើន។

២. កាត់បន្ថយការប្រើប្រាស់ផលិតផលមានជាតិអាល់កុល

ការប្រើប្រាស់ដែលមានជាតិអាល់កុលច្រើនអាចបំផ្លាញសរសៃឈាម និងពង្រីករន្ធញើសលើស្បែកឱ្យកាន់តែធំទៀតផង។ មិនត្រឹមតែផលិតផលថែរក្សាសម្រស់ប៉ុណ្ណោះទេ សូម្បីតែការទទួលទានគ្រឿងស្រវឹងក៏អាចធ្វើឱ្យស្បែកផលិតជាតិខ្លាញ់ព្រមទាំងឡើងខ្មៅស្រអាប់ និងស្នាមអុជខ្មៅផងដែរ។

៣. ផ្លាស់ប្ដូររបបអាហារ

បណ្ឌិតសភានៅសហរដ្ឋអាមេរិកបានណែនាំថាអាហារ និងភេសជ្ជៈមួយចំនួនអាចបង្កឱ្យមានការរលាកក៏ដូចជាបង្កើនការផលិតជាតិខ្លាញ់ខ្លាំងជាងមុនទៀតផង។ នេះក៏ព្រោះតែចំណីអាហារទាំងនោះបានចូលទៅបង្កើនកម្រិតជាតិស្ករក្នុងឈាម។ ដូច្នេះសម្រាប់អ្នកមានស្បែកមុខខ្លាញ់គួរផ្ដោតទៅលើការញ៉ាំអាហារណាដែលមានជាតិស្ករទាបដូចជាបន្លែផ្លែឈើស្រស់ៗ សណ្ដែក និងគ្រាប់ធញ្ញជាតិជាដើម។

៤. កាត់បន្ថយស្រ្តេស

ភាពតានតឹងអាចបង្កឱ្យមានការបញ្ចេញអរម៉ូន cortisol ដែលរួមចំណែកដល់ការផលិតសារធាតុ sebum​ ធ្វើឱ្យខ្លាញ់ចេញមកលើស្បែកច្រើនទៅៗ។ ដូច្នេះក្រៅពីការប្រើប្រាស់ផលិតផលថែរក្សាស្បែកហើយ ការកាត់បន្ថយស្រ្តេសក៏ជាចំណែកជួយទប់ស្កាត់ការផលិតជាតិប្រេងផងដែរ។ ដើម្បីជួយសម្រួលដល់ការកាត់បន្ថយភាពតានតឹងតាមវិធីផ្សេងៗដូចជាហាត់យូហ្គា សមាធិ កុំផឹកគ្រឿងស្រវឹង គេង និងហាត់ប្រាណឱ្យទៀងទាត់។

៥. ផ្ដល់ជាតិសំណើមឱ្យបានទៀងទាត់

មនុស្សមួយចំនួនអាចនឹងគិតថាជាតិសំណើមគឺអ្នកជំរុញឱ្យមានការផលិតប្រេងកាន់តែច្រើន និងធ្វើឱ្យស្ទះរន្ធញើសជាដើម។ ប៉ុន្តែតាមពិតទៅជាតិសំណើមនេះហើយគឺជាអ្នកជួយកាត់បន្ថយជាតិប្រេងព្រមទាំងស្រូបយកជាតិពុលថែមទៀតផង។ ដូច្នេះសូមព្យាយាមប្រើក្រែមផ្ដល់សំណើមឱ្យបានទៀង ហើយក៏កុំភ្លេចផឹកទឹកឱ្យបានគ្រប់គ្រាន់ផង។

៦. ប្រើប្រាស់ផលិតផលមានផ្សំពីតែបៃតង

សារធាតុប្រឆាំងអុកស៊ីតកម្ម polyphenol នៅក្នុងតែបៃតងអាចជួយព្យាបាលបញ្ហាស្បែកផ្សេងៗរួមទាំងស្បែកខ្លាញ់ផងដែរដោយសារវាមានសមត្ថភាពអាចជួយកាត់បន្ថយការផលិតជាតិខ្លាញ់បានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះអ្នក​ដែល​មាន​ស្បែកមុខ​ខ្លាញ់​អាច​សាកល្បង​ប្រើ​ក្រែម​ផ្តល់​សំណើម toner ឬ​ផលិតផលលាងសម្អាត​មុខ​ដែល​មាន​សារធាតុ​ចម្រាញ់​ពី​តែ​បៃតង។

៧. ប្រើប្រាស់ផលិតផលមានអាស៊ីត salicylic

អាស៊ីត salicylic អាចជួយកម្ចាត់កោសិកាស្បែកងាប់ ជាតិប្រេងលើស សារធាតុមិនស្អាត និងកាកសំណល់ផ្សេងៗទៀតដែលកកស្ទះក្នុងរន្ធញើស។ ដើម្បីទទួលបានលទ្ធផលល្អ យើងគួរជ្រើសរើសប្រើផលិតផលណាមួយដែលមានអាស៊ីត salicylic មកជូតលើមុខថ្នមៗប្រហែលរយៈពេល ៣០ វិនាទីជារៀងរាល់សប្តាហ៍។

៨. ប្រើប្រាស់ផលិតផលមានអាស៊ីតនៀអាស៊ីណាម៉ាយ

Niacinamide ជាមួយក្នុងក្រុមនៃវីតាមីន B3 អាចជួយកាត់បន្ថយអត្រានៃការបញ្ចេញជាតិខ្លាញ់ និងកាត់បន្ថយបញ្ហាស្បែកខ្លាញ់បានយ៉ាងល្អ។ យោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុង Pubmed អ្នកប្រើប្រាស់ផលិតផលដែលមានផ្ទុកសារធាតុ niacinamide ចំនួន ២% បានថយចុះនូវកម្រិតការផលិតសារធាតុ sebum បន្ទាប់ពីការប្រើប្រាស់ ២ ទៅ ៤ សប្តាហ៍៕