រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តី ប្រកាសព័ត៌មានស្ដីពី ករណីឆេះផ្ទុះរថយន្ត នៅចំណតរថយន្តមុខប្រាសាទអង្គរវត្ត
រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ករណីឆេះផ្ទះរថយន្តដឹក ភ្ញៀវទេសចរ ៤៥កៅអី ១គ្រឿង នៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៥៖៥០នាទី។
តាមរយៈរបាយការណ៍ស្រាវជ្រាវបឋមរបស់សមត្ថកិច្ច រថយន្ត ៤៥កៅអី មួយគ្រឿងខាងលើនេះ បានដឹកភ្ញៀវទេសចរឱ្យចូលមើលថ្ងៃរះក្នុងបរិវេណប្រាសាទអង្គរវត្ត រួចចូលចំណតចតជាធម្មតា ដោយមានរថយន្តចតក្បែរផងដែរ។ មូលហេតុនៃការឆេះផ្ទះនេះ គឺជាឧបទ្ទវហេតុបណ្តាលមកពីលក្ខណៈបច្ចេកទេសរបស់រថយន្ត ៤៥កៅអីមួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 3E-4674 រហូតដល់ឆេះរាលដាលដល់រថយន្តចតក្បែរ ២គ្រឿងទៀត។
រដ្ឋបាលខេត្ត ស្នើដល់សារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចៀសវាងការ ផ្សព្វផ្សាយព័ត៌មាន ដោយធ្វើការសន្និដ្ឋាន ឬដោយការយល់ឃើញណាមួយផ្ទាល់ខ្លួន មិនមានមូលដ្ឋាន ច្បាស់លាស់ ឬមានចេតនាញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប