Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ព្រឹត្តិកាណ៍ដ៏អស្ចារ្យព្រះអាទិត្យរះឡើងចំកំពូលប្រាសាទកណ្តាលអង្គរវត្ត នឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 576
ព្រឹត្តិកាណ៍ដ៏អស្ចារ្យព្រះអាទិត្យរះឡើងចំកំពូលប្រាសាទកណ្តាលអង្គរវត្ត នឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ព្រឹត្តិកាណ៍ដ៏អស្ចារ្យព្រះអាទិត្យរះឡើងចំកំពូលប្រាសាទកណ្តាលអង្គរវត្ត នឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា

ពេលវេលាដែលអ្នកទេសចរទាំងអស់ តែងតែទន្ទឹងរង់ចាំ បានមកដល់ទៀតហើយ នោះគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្តាលអង្គរវត្ត ឬសមរាត្រី ដែលនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ជារៀងរាល់ឆ្នាំព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត តែងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាខេត្តសៀមរាបយ៉ាង ច្រើនកុះករ។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រីខែមីនា ឆ្នាំ២០២៤នេះ នឹងកើត ឡើងក្នុងថ្ងៃទី២១ ខែមីនាខាងមុខ នេះ។ លោកថា ព្រឹត្តិការណ៍ពិសេស ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទ អង្គរវត្ត សម្រាប់ឆ្នាំ២០២៤នេះ នឹងកើតមាន២ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ក្នុងខែកញ្ញា នឹងកើតមានម្ដងទៀត ។

លោកពន្យល់ថា សមរាត្រីគឺជាពេលវេលា ដែលរវាងពេលថ្ងៃ និងពេលយប់ ឱ្យមានរយៈពេល ស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក ។ ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿង ចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់អង្គរវត្ត ដែលបុព្វបុរសខ្មែរបានរៀបចំគិតគូរប្លង់ស្ថាបត្យកម្មប្រាសាទ គណនាតាមគណិតវិទ្យា សម្របតាមក្បួនតារាសាស្រ្ត ដោយតម្រូវតាមបាតុភូតធម្មជាតិនៃដំណើរគោចរព្រះអាទិត្យ បង្កើតជាអច្ឆរិយការណ៍នៃព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ចំវេលាដែលរយៈពេលពេលថ្ងៃនិងយប់ស្មើគ្នានេះឡើង។

លោកបន្តថា អាចនិយាយបានថាព្រឹត្តិការណ៍មហស្ចារ្យនេះ ប្រហែល ជាកើតមានតែនៅប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជា តែមួយប៉ុណ្ណោះ នៅលើផែនដីនេះ។ ចំណែកឯសំណង់បុរាណជាច្រើន នៅលើប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ ។

ការស្រាវជ្រាវបានបង្ហាញ ថា ប្រហែលជាមានតែអង្គរវត្តតែមួយគត់ ដែលអាចរៀបចំប្លង់ក្នុងការគ្រប់គ្រងព្រះអាទិត្យ ហើយចំពេលថ្ងៃនិងយប់ស្មោះគ្នា ព្រះអាទិត្យរះលេចចំកណ្តាលកំពូលរបស់អង្គរវត្ត លើសពីហ្នឹងក៏មានពេលថ្ងៃវែងជាងយប់ ពេលយប់វែងជាងថ្ងៃ ក៏វានៅក្នុងប្លង់របស់ប្រាសាទអង្គរវត្តដែរ នេះចំណុចពិសេសដែលថា មានតែមួយគត់នៅលើលោកនេះ ដែលសំណង់បែបហ្នឹង ហើយធំស្កឹមស្កៃបែបហ្នឹង ដែលស្ថាបនាឡើង ដើម្បីគ្រប់គ្រងដំណើរគោចរនៃព្រះអាទិត្យ។ ការកសាងបែបនេះ មានមូលហេតុយ៉ាងសំខាន់ ដែលយើងអាចឆ្លើយ នឹងសំណួរ ដែលតែងសួរថា ហេតុអ្វីអង្គរវត្ត បែរមុខទៅលិច គឺក្នុងគោល ដៅគេធ្វើដើម្បីឱ្យថាមពលនៃចក្រ ភពរបស់ខ្មែរ គ្រប់គ្រងអំណាចទាំង មូលរបស់ចក្រក្រវាឡ ដែលមានព្រះអាទិត្យជាតំណាង ហើយភស្តុតាង គឺយើងឃើញច្បាស់ ដែលយើងស្គាល់ស្តេចសាងអង្គរវត្ត គឺព្រះបាទសូរ្យវរ្ម័នទី២។ ស្អីទៅជា«សូរ្យវរ្ម័ន» បានន័យថា ជាអ្នកមនុស្ស ឬជន ដែលទទួលការការពារពីព្រះអាទិត្យ។

សូមជម្រាបថា ព្រឹត្តិការណ៍មហស្ចារ្យនៅអង្គរវត្តនេះ តែងតែ បានទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនរាប់ពាន់នាក់ ដែលចង់ឃើញហេតុការណ៍ និងចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។ គឺជាវេលាមង្គលដ៏ធំមួយនៃប្រពៃណីខ្មែរបុរាណ។

ហេតុដូច្នេះសូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាព្រឹត្តិការណ៍សមរាត្រី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ឱ្យបានច្រើនកុះករ។

សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា៕





ប្រភពអត្ថបទ ៖ ក្រសួងព័ត៌មាន