ស្នងការនគរបាលរាជធានីភ្នំពេញនឹងរៀបចំក្រុមចល័តពិនិត្យជាតិស្រវឹងបន្ថែមបើគ្រោះថ្នាក់ចរាចរណ៍បន្តកើនឡើងច្រើន
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញអះអាងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងរៀបចំក្រុមចល័តបន្ថែមទៀត ដើម្បីចុះពិនិត្យសារធាតុស្រវឹង ក្នុងករណីការផ្លាស់ប្តូរម៉ោង និងគោលដៅត្រួតពិនិត្យគ្រឿងស្រវឹងហើយ ប៉ុន្ដែករណីគ្រោះថ្នាក់ចរាចរណ៍មិនបានកាត់បន្ថយនៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ថ្លែងប្រាប់ BTV នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ថា តាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការចង្អុលបង្ហាញពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងការតាមដានជាប់ជាប្រចាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បន្ទាប់ពីបានអនុវត្តតាមរយៈយុទ្ធនាការត្រួតពិនិត្យគ្រឿងស្រវឹងរយៈពេលជាងពីរខែកន្លងមកនេះសង្កេតឃើញថា ករណីបង្កគ្រោះថ្នាក់បង្កឡើងដោយអ្នកបើកបរយានយន្តមានសារធាតុស្រវឹងត្រូវបានកាត់បន្ថយបានប្រមាណ៨០%។
សម្តេចធិបតីនាយករដ្ឋមន្រ្តីក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្ដីកាលពីសប្ដាហ៍មុន បានណែនាំឱ្យសមត្ថកិច្ចបន្តអនុវត្តវិធានការត្រួតពិនិត្យសារធាតុស្រវឹង និងសាកល្បងប្តូរម៉ោងត្រួតពិនិត្យគ្រឿងស្រវឹងបន្ថែមទៀតនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចផ្លាស់ប្តូរពេលវេលា និងគោលដៅដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកាន់តែចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅធាធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អះអាងថា បើសិនការរៀបចំពេលវេលាត្រួតពិនិត្យគ្រឿងស្រវឹងនេះនៅតែមិនថមថយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងបញ្ជូនក្រុមចល័តដាក់នៅតំបន់ដែលតែងកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើននោះតែម្ដង។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គកាលពីសប្តាហ៍មុននេះ បានណែនាំឲ្យអាជ្ញាធរ និងកងកម្លាំងនៅទូទាំងប្រទេសសាកល្បងផ្លាស់ប្ដូរម៉ោងត្រួតពិនិត្យគ្រឿងស្រវឹងតាមដងផ្លូវចាប់ពីម៉ោង១០យប់ទៅដល់ម៉ោង២រំលងអធ្រាត្រវិញម្ដង។ ក្នុងនោះសម្តេចធិបតី បញ្ជាក់ថា ប្រសិនបើការផ្លាស់ប្តូរម៉ោងហើយគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានត្រូវទម្លាក់ម៉ោងឡើងវិញ ព្រោះរវាងអាហារដ្ឋាន និងជីវិតរបស់ប្រជាពលរដ្ឋ ត្រូវជ្រើសរើសអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាព៕
ប្រភពអត្ថបទ៖ BTV News