កម្ពុជាប្រកាសខេត្តចំនួន៣បន្ថែមទៀត ជាខេត្តអស់មីន ខណៈដែលមកដល់ពេលនេះកម្ពុជារំដោះមីនបាន១៥រាជធានី-ខេត្តហើយ
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានប្រកាសថា រយៈពេលជាង៦ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានខេត្តចំនួន៣ ត្រូវបានប្រកាសជាខេត្តអស់មីន រួមមាន ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ការលើកឡើងបែបនេះ ក្នុងពេលរាយការណ៍ជូនអង្គពិធី នៃពិធីអបអរសាទរប្រកាសខេត្តក្រចេះ ជាខេត្តអស់មីនទី១៥ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដែលបានធ្វើឡើងក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា ការប្រកាសខេត្តក្រចេះអស់មីននាថ្ងៃនេះ គឺជាសមិទ្ធផលរួមរបស់ប្រជាជាតិយើង ដែលបានមកពីការដឹកនាំ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិកម្ពុជា គ្មានមីនឆ្នាំ២០២៥ និងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន រួមជាមួយការចូលរួមដ៏សប្បុរសផ្នែកហិរញ្ញវត្ថុ ពីបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងសប្បុរសជននានា។
គួររំលឹកថា កាលពីដើមឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានលើកឡើងថា កម្ពុជាបានដាក់ក្នុងផែនការបោសសម្អាតមីនឱ្យអស់ ត្រឹមឆ្នាំ២០២៥ ហើយដើម្បីសម្រេចគោលដៅនេះបាន កម្ពុជាត្រូវធ្វើការបោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៦៤៨គីឡូម៉ែត្រការ៉េ និងគ្រាប់មិនទាន់ផ្ទុះចំនួន ១ ៣២៧ គីឡូម៉ែត្រការ៉េបន្ថែមទៀត ។ ការគំរាមកំហែងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានកាត់បន្ថយឱ្យនៅ កម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្ស ប្រព្រឹត្តទៅដោយសុវត្ថិភាព៕