Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ស.ស.យ.ក. និងក្រសួងការងារ ចុះអនុស្សរណៈយោគយល់គ្នាស្តីពីការងារសំខាន់ចំនួន២

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 786
ស.ស.យ.ក. និងក្រសួងការងារ ចុះអនុស្សរណៈយោគយល់គ្នាស្តីពីការងារសំខាន់ចំនួន២ ស.ស.យ.ក. និងក្រសួងការងារ ចុះអនុស្សរណៈយោគយល់គ្នាស្តីពីការងារសំខាន់ចំនួន២

នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus ។

ការចុះអនុស្សារណៈនេះមានគោលបំណងជំរុញការផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់សមាជិក សមាជិកា ស.ស.យ.ក. ព្រមទាំងយុវជនដែលមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ និងការចុះឈ្មោះស្វែងរកការងារនិងណែនាំអំពីអាជីពការងារ។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងអំពីប្រវត្តិ បេសសកម្ម និងចក្ខុវិស័យ ស.ស.យ.ក. ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តបេសសកម្មយ៉ាងខ្ជាប់ខ្ជួនពីយុវជនជំនាន់មុន ក្នុងការចូលរួមក្នុងបុព្វហេតុដើម្បីជាតិមាតិភូមិ តាមរយៈការផ្តល់ឱកាសដល់យុវជនពីគ្រប់ទិសទី មករួមគ្នាជាកម្លាំងសាមគ្គី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

ទន្ទឹមនោះដែរ ឯកឧត្តម ហេង សួរ បានថ្លែងថា កិច្ចសហប្រតិបត្តិការជាមួយ ស.ស.យ.ក. នេះ កើតឡើងដោយសារការមើលឃើញពីវិសាលភាពនៃរចនាសម្ព័ន្ធរបស់ ស.ស.យ.ក. ដែលមានលក្ខណៈទូលំទូលាយ និងសាយភាយទូទាំងប្រទេស ដែលអាចផ្តល់ជាលទ្ធផលខ្ពស់ក្នុងការជំរុញផ្សព្វផ្សាយនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់សមាជិក ស.ស.យ.ក. និងយុវជនទូទៅឱ្យកាន់តែមានសក្តានុពល។ ឯកឧត្តមបានបន្តថា អនុស្សរណៈនេះ នឹងសម្រួលដល់សមាជិក សមាជិកា ស.ស.យ.ក. និងយុវជនទូទៅ ក្នុងការចុះឈ្មោះស្វែងរកការងារ បន្ទាប់ពីទទួលបានការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ៕








អត្ថបទទាក់ទង