Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ក្រុមហ៊ុនចំនួន៥ កំពុងរៀបចំរចនាសម្ព័ន្ធផលិតកម្ម ត្រៀមបើកដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជា

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1192
ក្រុមហ៊ុនចំនួន៥ កំពុងរៀបចំរចនាសម្ព័ន្ធផលិតកម្ម ត្រៀមបើកដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជា ក្រុមហ៊ុនចំនួន៥ កំពុងរៀបចំរចនាសម្ព័ន្ធផលិតកម្ម ត្រៀមបើកដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជា

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងឱកាសអញ្ជើញចូលរួមថ្លែងសុន្ទកថាក្នុងពិធីសម្ពោធ “ពិព័រណ៍រថយន្ត (Auto Show) លើកទី១ ឆ្នាំ២០២៤” ដែលរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា ក្រុមហ៊ុនចំនួន ៥ កំពុងរៀបចំរចនាសម្ព័ន្ធផលិតកម្ម ត្រៀមបើកដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជា។

លោកជំទាវ ចម និម្មល បានបន្ដថា ក្រុមហ៊ុនដែលគ្រោងនឹងបើកដំណើរការរោងចក្រដំឡើងរថយន្តនោះ រួមមាន៖ ក្រុមហ៊ុន HGB Motors Assembly, ក្រុមហ៊ុន EM Automotive, ក្រុមហ៊ុន GTV Motor, ក្រុមហ៊ុន TOYOTA, និងក្រុមហ៊ុន China Matrix Technology។

ជាមួយនឹងសមិទ្ធផលនេះ លោកជំទាវ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានរំលេចផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមលើកកម្ពស់វិស័យធុរកិច្ច និងវិនិយោគនៅកម្ពុជា តាមរយៈការរៀបចំកសាងលិខិតបទដ្ឋានគតិយុត្តិឱ្យស្របតាមបរិបទបទថ្មី សំដៅជួយសម្រួលដល់វិស័យឯកជន, ការដាក់ឱ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលទំនាក់ទំនងរវាងសាធារណជន និងមន្រ្តីផ្តល់សេវា (Call Center 1266) ដោយឥតគិតថ្លៃ, ព្រមទាំងការជំរុញការយកចិត្តទុកលើការពង្រឹងការការពារកម្មសិទ្ធិបញ្ញានៅកម្ពុជាសំដៅការពារ និងលើកកម្ពស់ការធ្វើធុរកិច្ចដោយស្មោះត្រង់ប្រកប ដោយភាពប្រកួតប្រជែង។

ទន្ទឹមនឹងនោះ លោកជំទាវ ចម និម្មល បានលើកទឹកចិត្តដល់ធុរជន និងដៃគូរវិនិយោគ ឱ្យពិចារណាក្នុងការបណ្តាក់ទុនរកស៊ីឱ្យកាន់តែទូលំទូលាយ និងការបង្កើតមូលដ្ឋានផលិតកម្មនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ជាច្រើនដែលកម្ពុជាកំពុងមាន រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានបូក និងប្រព័ន្ធអនុគ្រោះពន្ធដែលកម្ពុជាទទួលបានពីប្រទេសអភិវឌ្ឍន៍ កិច្ចព្រមព្រៀងពាណិជ្ជសេរី និងក្របខណ្ឌនៃកិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគថ្នាក់ជាតិ ព្រមទាំងមកវិនិយោគលើការបង្កើតរោងចក្រផលិតរថយន្ត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ពិសេសការវិនិយោគលើរថយន្តអគ្គិសនី (Electric Vehicles) ជាដើម៕