Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

អ្នកជំនាញ គាំទ្រការក្រើនរំឮករបស់លោកជំទាវបណ្ឌិត ជា សិរី ឱ្យប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 523
អ្នកជំនាញ គាំទ្រការក្រើនរំឮករបស់លោកជំទាវបណ្ឌិត ជា សិរី ឱ្យប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យ អ្នកជំនាញ គាំទ្រការក្រើនរំឮករបស់លោកជំទាវបណ្ឌិត ជា សិរី ឱ្យប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យ

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានគាំទ្រសាររបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានក្រើនរំឮកជាថ្មីដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបន្ដបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យ ដែលកំពុងស្ថិតក្នុងស្ថានភាពមិនទាន់ល្អប្រសើរនៅឡើយ។ លោកថា សារនេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់ការអភិវឌ្ឍន៍លំនៅឋាន ក៏ដូចជាអ្នករកស៊ីពិតប្រាកដ និងច្បាស់លាស់ក្នុងវិស័យនេះ។ ការគាំទ្រចំពោះសារក្រើនរំឮកខាងលើ ស្របពេលម្ចាស់គម្រោងបុរីវិមានសំណាងរូបនេះ បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយធនាគារ ស៊ិនហាន (ខេមបូឌា) ដែលជាគ្រឹះស្ថានហិរញវត្ថុដ៏ធំមានប្រភពពីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដើម្បីគាំទ្រ និងសម្រួលដល់ការផ្ដល់កម្ចីនានាដល់អតិថិជនរបស់ខ្លួន។

បណ្ឌិត គីម ហ៊ាង បានបញ្ជាក់ទៀតថា សារក្រើនរំឮករបស់លោកជំទាវបណ្ឌិត ជា សិរី គឺពិតជាត្រឹមត្រូវ នៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវរឹតបន្តឹងក្នុងការផ្ដល់ឥណទានដល់ម្ចាស់គម្រោង និងអ្នកទិញពិសេសក្នុងវិស័យអចលនទ្រព្យ។ បើមើលមួយជ្រុង គិតថាសារនេះ អាចប៉ះពាល់ដល់គម្រោងខ្លួន តែជាក់ស្ដែងមិនដូច្នោះទេ សារនេះបានជួយដល់គម្រោងអភិវឌ្ឍន៍លំនៅឋាន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចជាគម្រោងបុរីរបស់លោក ដែលត្រូវបានសហការជាមួយធនាគារធំៗជាច្រើន ទាំងកម្រិតជាតិ និងអន្ដរជាតិ។

លោកជំទាវបណ្ឌិត ជា សិរី បានក្រើនរំលឹកជាថ្មីដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យ ដែលកំពុងស្ថិតក្នុងស្ថានភាពមិនទាន់ល្អនៅឡើយ។ យើងត្រូវតែបន្តការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍ថ្លៃលំនៅឋាននៅក្នុងឆមាសទី២ ឆ្នាំ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរនៃវិនិយោគផ្ទាល់ពីបរទេស មកកាន់វិស័យនេះ។

លោកជំទាវបណ្ឌិត បានបន្តថា ក្នុងស្ថានភាពនេះ ដើម្បីគ្រប់គ្រងហានិភ័យនៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងចៀសវាង និងកាត់បន្ថយផលប៉ះពាល់ ដែលអាចកើតមានជាយថាហេតុមកលើស្ថិរភាពហិរញ្ញវត្ថុ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមតាមដាន និងត្រួតពិនិត្យដោយហ្មត់ចត់ពីហានិភ័យក្នុងវិស័យ និងហានិភ័យប្រទាក់ក្រឡានៃវិស័យអចលនទ្រព្យ៕