Khmer First Close

លិខិតមិត្តអ្នកអាន៖ តើមានហេតុផលអ្វីនៅពីក្រោយខ្នងការញុះញង់លើបញ្ហាកសិកម្ម?

ដោយ៖ សម្បត្តិ កិត្យា ​​ | 23 ម៉ោងមុន ព័ត៌មានជាតិ 163
លិខិតមិត្តអ្នកអាន៖ តើមានហេតុផលអ្វីនៅពីក្រោយខ្នងការញុះញង់លើបញ្ហាកសិកម្ម? លិខិតមិត្តអ្នកអាន៖ តើមានហេតុផលអ្វីនៅពីក្រោយខ្នងការញុះញង់លើបញ្ហាកសិកម្ម?

កាលពីពេលថ្មីៗនេះ នៅតាមបណ្តាញទំនាក់ទំនងសង្គម មានការបង្ហោះផ្សព្វផ្សាយរិះគន់មកលើ រាជរដ្ឋាភិបាលចំពោះបញ្ហាតម្លៃស្រូវចុះថោក ដែលហាក់បីដូចជាមានចេតេនា ចង់រុញច្រានស្ថានការណ៍ឱ្យកាន់តែធ្ងន់ធ្ងរធ្វើឱ្យសាធារណមតិជាតិ និងអន្តរជាតិ យល់ខុសមកលើរាជរដ្ឋាភិបាល និងក្រសួងមានសមត្ថកិច្ចថាមិនបានជួយដោះស្រាយបញ្ហាប្រជាកសិករ។

តាមការពិត ការយកបញ្ហាតម្លៃស្រូវចុះថោក ដែលជាបញ្ហាទូទៅនៅក្នុងពិភពលោក មកចោទប្រកាន់ទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល និងក្រសួងមានសមត្ថកិច្ច ថាមិនបានគិតគូរយកចិត្តទុកដាក់ដល់ជីវភាពប្រជាកសិករនោះ គឺជាការលើកឡើងដែលមានលក្ខណៈមិនគ្រប់ជ្រុងជ្រោយ និងមិនមានមូលដ្ឋាន ពិតប្រាកដនោះឡើយ ហើយការលើកឡើងបែបនេះត្រូវបានមតិទូទៅមើលឃើញថា អាចមានរបៀបវារៈនយោបាយនៅពីក្រោយខ្នងដើម្បីរុញច្រានស្ថានភាពឱ្យវឹកវរចលាចលនៅក្នុង សង្គម ដែលអាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គម ជាពិសេស ប៉ះពាល់ដល់ជីវភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋផងដែរ។

ក្នុងនាមជាអ្នកវិភាគមួយរូប ខ្ញុំយល់ឃើញថា ការចោទប្រកាន់ថា រាជរដ្ឋាភិបាល និងក្រសួងមានសមត្ថកិច្ចមិនបានយកចិត្តទុកដាក់ចំពោះ ប្រជាកសិករនោះ មិនមែនជារឿងត្រឹមត្រូវទាល់តែសោះ ដោយសារ យើងត្រូវហ៊ានទទួលស្គាល់ថា ទម្រាំសម្រេចបានទិន្នផលស្រូវដូចសព្វថ្ងៃនេះ រាជរដ្ឋាភិបាល និងក្រសួងមានសមត្ថកិច្ច បានខិតខំ ប្រឹងប្រែងយ៉ាងច្រើន រួមមាន ការចែកដីកសិកម្មជូនប្រជាពលរដ្ឋ ការលើកលែងពន្ធដីកសិកម្ម ការដោះស្រាយបញ្ហាទឹក ការផ្តល់ពូជ និងមន្ត្រីជំនាញ ការលើកទឹកចិត្តការវិនិយោគលើវិស័យកសិកម្ម ការផ្តល់ទុនដល់រោងម៉ាស៊ីនកិនស្រូវដើម្បីជួយទិញស្រូវពីកសិករ ការជំរុញគម្រោងវិនិយោគវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងការផ្តួចផ្តើមរៀបចំសហគមន៍ទំនើបដើម្បីកាត់បន្ថយថ្លៃចំណាយជាដើម។ល។

ផ្ទុយទៅវិញបើយើងទៅលើសកម្មភាពរបស់អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសនិងបក្ខពួកមួយចំនួន មិនត្រឹមតែមិនបានជួយដល់ប្រជាកសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងញុះញង់មិនឱ្យបរទេសផ្តល់ជំនួយ និងទិញទំនិញពីទីផ្សារកម្ពុជាទៅវិញ។ លើសពីនេះ ទណ្ឌិតរត់ចោលស្រុក ដែលត្រូវបានគេដឹងថាជាជនក្បត់ជាតិ៣ជំនាន់ ថែមទាំងធ្លាប់បានធ្វើការឃោសនាបែបប្រជាភិថុតិថា នឹងធ្វើឱ្យតម្លៃ ស្រូវឡើងថ្លៃដើម្បីជួយកសិករ ប៉ុន្តែសន្យាថា នឹងធ្វើឱ្យតម្លៃអង្ករចុះថោក ដើម្បីជួយដល់អ្នកប្រើប្រាស់ដោយមិនចេះខ្មាស់អៀនទៅវិញ ពោលគឺ អ្នកនយោបាយចាស់វស្សារូបនោះ មិនដែលបានជួយអ្វីបន្តិចសោះឡើយ គឺមានតែកេងចំណេញនយោបាយនៅលើខ្នងកសិករ តាមរយៈការញុះញង់ប្រជាពលរដ្ឋឱ្យងើបឡើងធ្វើបាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលថែមទៀតផង។

សរុបមកវិញ ការយកបញ្ហាកសិកម្មមកធ្វើជារបៀបវារៈនយោបាយនៅពេលនេះ អាចមានចេតនា ទុច្ចរិតក្នុងការញុះញង់ប្រជាពលរដ្ឋឱ្យងើបឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាលក្នុងគោលបំណងដុត ប្រទេសជាតិ និងធ្វើឱ្យប្រទេសជាតិជួបគ្រោះមហន្តរាយ ធ្លាក់ទៅក្នុងភ្លើងសង្រ្គាមចលាចលដូចកាលពីអតីតកាលដើម្បីតែបម្រើមហិច្ឆតាអំណាចរបស់ខ្លួន។ ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ពិតជាមើលឃើញពីចេតនាទុច្ចរិតនៅក្នុងការបំផ្លាញប្រទេសជាតិនិងប្រជាជន របស់បុគ្គលអគតិទាំងនេះហើយ ទើបសកម្មជនដែលធ្លាប់គាំទ្រខ្លួន បានបន្តដើរចេញពីអតីតបក្សប្រឆាំង ហើយងាកមកគាំទ្ររាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាវិញ។ ចំណែកប្រជាពលរដ្ឋក្នុងស្រុកវិញ គឺកំណើននៃការគាំទ្រលើរាជរដ្ឋាភិបាលដែលកំពុងដឹកនាំដោយគណបក្សប្រជាជនមានការកើនឡើងជាលំដាប់ ដែលស្តែងចេញតាមរយៈការបោះឆ្នោតកន្លងទៅ។ ដូច្នេះល្បិចនយោបាយលើខ្នងកសិករទំនងជាគ្មានបានផល ឬមានតម្លៃក្នុងទឹកចិត្តប្រជាពលរដ្ឋកម្ពុជានោះឡើយ៕

ដោយ៖ មាន មេត្តា

អត្ថបទទាក់ទង