Khmer First Close

ធនាគារជាតិនៃកម្ពុជា៖ ស្ថិរភាពតម្លៃប្រាក់រៀលបានរួមចំណែក រក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារ

ដោយ៖ សម្បត្តិ កិត្យា ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ 189
ធនាគារជាតិនៃកម្ពុជា៖ ស្ថិរភាពតម្លៃប្រាក់រៀលបានរួមចំណែក រក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារ ធនាគារជាតិនៃកម្ពុជា៖ ស្ថិរភាពតម្លៃប្រាក់រៀលបានរួមចំណែក រក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារ

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា ការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀល របស់ធនាគារជាតិនៃកម្ពុជា បានរួមចំណែក ក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារ។ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤ ០៧១ រៀលក្នុងមួយដុល្លារអាមេរិក នៅឆ្នាំ២០២៤។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសលោកស្រីបណ្ឌិតបានអញ្ជើញចូលរួមក្នុងកម្មវិធី សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ ធនាគារជាតិនៃកម្ពុជា រៀបចំឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «ការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀល ក៏បានរួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារផងដែរ។ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤.០៧១ រៀលក្នុងមួយដុល្លារអាមេរិក ដោយបានឡើងថ្លៃប្រមាណ០,៩% ធៀបនឹងឆ្នាំ២០២៣ ដែលធ្វើឱ្យអត្រាប្តូរប្រាក់វិលទៅរកកម្រិតមុនវិបត្តិកូវីដ-១៩ វិញ»

លោកស្រីបណ្ឌិតបន្ដថា បច្ចុប្បន្នបច្ចេកវិទ្យាមានការរីកចម្រើន យ៉ាងឆាប់រហ័សនៅគ្រប់វិស័យ ស្របតាមនវានុវត្តន៍បច្ចេកវិទ្យា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រព័ន្ធទូទាត់សងប្រាក់ទាំងតម្លៃរាយ និងតម្លៃធំត្រូវបានធ្វើទំនើបកម្មជាលំដាប់ ហើយត្រូវបានទទួលស្គាល់ដោយមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្នុងការផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព ព្រមទាំងបានរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងបរិយាបន្នហិរញ្ញវត្ថុ។

លោកស្រីបណ្ឌិតបន្ថែមថា «ក្នុងនោះប្រព័ន្ធបាគងត្រូវបានតភ្ជាប់ ជាមួយបណ្តាប្រទេសជាច្រើនក្នុងតំបន់ និងក្រុមហ៊ុនបណ្តាញទូទាត់អន្តរជាតិនានា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការបង់ប្រាក់តាមឃ្យូអរកូតនៅប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី កូរ៉េខាងត្បូង និងប្រើប្រាស់ជាមួយក្រុមហ៊ុនយូញៀនផេ និងអាលីផេ។ ការណ៍នេះបានសម្រួល ដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ក៏ដូចជាការជំរុញការប្រើប្រាស់ប្រាក់រៀលផងដែរ»

លោកស្រីបណ្ឌិតបន្ថែមថា ម៉្យាងទៀតកម្មវិធីទូទាត់បាគងទេសចរ ត្រូវបានដាក់ឱ្យដំណើរការ និងបានសហការជាមួយ ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ Mastercard និង Visa ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ ដោយអនុញ្ញាតឱ្យភ្ញៀវអន្តរជាតិអាចធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវាតាមឃ្យូអរកូតបានយ៉ាងទូលំទូលាយ។

ចំពោះសមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងពីការរួមចំណែករបស់ធនាគារជាតិនៃកម្ពុជា ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាល តាមរយៈការលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបើកគណនី និងផ្តល់សេវាទូទាត់សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាអ្នកប្រកបមុខរបរផ្ទាល់ខ្លួន ដែលកន្លងមកតែងប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ដែលមានចំណាយខ្ពស់និងមិនមានសុវត្ថិភាព។

លោកស្រីបណ្ឌិត ជា សិរី បានបន្ថែមថា ការប្រើប្រាស់សេវាទំនើបក៏អាចនាំមកនូវហានិភ័យមួយចំនួនដូចជា ការបន្លំឃ្យូអរកូត និងការលួចអត្តសញ្ញាណបន្លំធ្វើជាជនរងគ្រោះ ដើម្បីលួចយកប្រាក់ក្នុងគណនី ឬព័ត៌មានសំខាន់ៗ។ ហេតុដូច្នេះសូមឱ្យមន្រ្តីបុគ្គលិកយើង ប្រុងប្រយ័ត្ននៅពេលបង់ប្រាក់ឬទូទាត់ សូមមើលឈ្មោះគណនីនិងចំនួនទឹកប្រាក់ ឱ្យបានច្បាស់លាស់ ព្រមទាំងរក្សាលេខសម្ងាត់ឱ្យបានត្រឹមត្រូវ៕

ប្រភព: Fresh News

អត្ថបទទាក់ទង