ហេតុអ្វីបានជាយើងចាំបាច់ត្រូវថែរក្សាការពារ «សន្ដិភាព» ឱ្យបាន?
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសន្ដិភាពឱ្យបានទោះស្ថិតក្នុងតម្លៃណាក៏ដោយ ព្រោះថាប្រសិនបើគ្មានសន្ដិភាព យើងមិនអាចធ្វើការកសាងនិងអភិវឌ្ឍប្រទេសជាតិបានឡើយ។
នៅក្នុងឱកាសអញ្ជើញជាអធិបតី «ពិធីកាត់ខ្សែបូ សម្ពោធឆ្លងអគារសិក្សានិងសមិទ្ធផលនានានៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល» នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា កាលពីពេលដែលសម្ដេចឡើងកាន់តំណែងជានាយករដ្ឋមន្រ្ដី គឺនៅអាយុ៣២ឆ្នាំ ពេលនោះជាសម័យសង្រ្គាមហែកហួរគ្នា ប៉ុន្តែពេលនេះ ប្រទេសកម្ពុជាមានសន្ដិភាព២៦ឆ្នាំហើយ ដូច្នេះយើងត្រូវបន្ដថែរក្សា ការពារសន្ដិភាពឱ្យបានដើម្បីធានាដល់ការអភិវឌ្ឍប្រទេសជាតិ។
នៅក្នុងពិធីនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីអតីតកាលរបស់កម្ពុជាក្នុងគ្រាមានសង្រ្គាមនិងការបែកបាក់ជាតិ ដែលផ្តើមចេញពីរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានធ្វើឱ្យប្រទេសជាតិប្រែជាខ្ទេចខ្ទាំ រហូតធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យប្រជាជនបាត់បង់អាយុជីវិត ហើយអ្វីៗទាំងអស់ត្រូវបានបំផ្លាញស្ទើរតែសូន្យ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ សម្តេច រួមទាំង សម្តេច ទៀ បាញ់ សម្តេច ស ខេង សម្តេច សាយ ឈុំ សម្តេច ម៉ែន សំអន និងឥស្សរជនជាច្រើនរូបទៀត បានរួមគ្នាកសាងប្រទេសពីស្ថានភាពដ៏លំបាកបំផុត ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ និងក្រោមនយោបាយឈ្នះឈ្នះនៅចុងឆ្នាំ១៩៩៨ ទើបប្រទេសជាតិយើងទទួលបានសុខសន្តិភាពពេញលេញ ហើយយើងមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ននេះ ដូច្នេះហើយទើបយើងត្រូវរួមគ្នាថែរក្សាសន្តិភាពឱ្យបាន៕