Khmer First Close

ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន ២ នឹងបើកជើងហោះហើរ និងពង្រីកចំនួនហោះហើរ មកកាន់កម្ពុជា

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 162
ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន ២ នឹងបើកជើងហោះហើរ និងពង្រីកចំនួនហោះហើរ មកកាន់កម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន ២ នឹងបើកជើងហោះហើរ និងពង្រីកចំនួនហោះហើរ មកកាន់កម្ពុជា

ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥– ក្រុមហ៊ុន​អាកាស​ចរណ៍​តួក​គី (Turkish Airlines) នឹងបើក​ជើង​ហោះ​ហើរ​ពី​ទី​ក្រុង អ៊ីស្តង់ប៊ុល (Istanbul) មកកាន់រាជធានីភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ខណៈ​ក្រុម​ហ៊ុន​អាកាស​ចរណ៍ អ៊ែរមីរ៉េត អ៊ែរឡាញ (Emirate Airline) ក៏បាន​ពង្រីកចំនួនហោះហើរ និង​គោលដៅ​បន្ថែម​មក​កាន់កម្ពុជា​ផង​ដែរ។ នេះបើយោង​តាមឆាណែល​តេឡេក្រាម​ផ្លូវការ​របស់​សម្តេចធិបតី នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី០៤ ខែ​មីនា ឆ្នាំ២០២៥។

វឌ្ឍនភាពនៃជើងយន្តហោះអន្តរជាតិ មកកាន់កម្ពុជា បាន​រីក​ចម្រើនគួរជាទីមោទន: ហើយក្រោមកិច្ចសហការ និងកា​រ​ជំរុញ​បើកចំហជើងមេឃកម្ពុជា ក្នុងការទទួលយកភ្ញៀវជាតិ អន្តរ​ជាតិ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម និង​ប្រទាក់​ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ ដោយ រដ្ឋ​លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបន្តពង្រីក និង​លើក​​កម្ពស់បន្ថែមជើងហោះហើរត្រង់មកកម្ពុជា ដែល​ជា​លទ្ធ​ផលថ្មីសម្រេចបាន គឺ៖

ទី១/ ជើងហោះហើរ តួគីយេអ៊ែរឡាញ នឹង​បើក​ការហោះ​ហើរ​​ពីទីក្រុង Istanbul មកកាន់រាជធានីភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ។

២/ ជើងហោះហើរ អ៊ែរមីរ៉េតអ៊ែរឡាញ ក៏បានជំរុញ និង​ពង្រីក​ការហោះហើរមកកម្ពុជា ពីទីក្រុង​ឌូបៃ​ទៅ​ខេត្ត​សៀម​រាប នាពាក់កណ្តាលឆ្នាំ២០២៥នេះ។

ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តា​ផលិត​កម្ម​យុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម តាមរយៈ​ការជួយ​សម្រួល​ដល់ការ​ធ្វើ​ដំណើរ​ ការដឹកជញ្ជូនទំនិញក្នុងរយៈពេលខ្លី និង​សុវត្ថិភាព​ខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការ​លើកកម្ពស់ទំនាក់ទំនងសង្គម និង​បាន​ចូល​រួម​ចំណែក​បង្កើន​ចំណូលថវិកាជាតិ។

ជាលទ្ធផលក្នុងឆ្នាំ២០២៤កន្លងមក ការដឹក​ជញ្ជូន​តាមផ្លូវ​អាកាស​នៅកម្ពុជា បាន​សម្រេច​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវអាកាសបានសរុបចំនួន ៦,២៤លាននាក់ កំណើន​ប្រមាណ​២២% ទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤​ជើង កំណើន ១៤% និងដឹក​ទំនិញ​តាម​ផ្លូវអាកាស​មានចំនួន ៧៧ ៨៥២ តោន ដែលមានកំណើន ៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិទាំងបី (ភ្នំពេញ សៀមរាប និងព្រះសីហនុ) បានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុង និងកោះតៃវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិសរុបចំនួន ៣១ក្រុមហ៊ុន។ ក្នុងឆ្នាំ២០២៤ កម្ពុជា ក៏បានសម្រេចលើការតភ្ជាប់ជើងហោះហើរជាប្រតិ្តសាស្ត្ររវាងរាជធានីភ្នំពេញ និងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា និងការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរមីរ៉េត និងកាតា ដែលភ្ជាប់ជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងឌូប៉ៃ និងទីក្រុងដូហា។

ក្នុងឆ្នាំ២០២៥ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន ៣១ ដែលកំពុងហោះហើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា គិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍ ដោយនៅក្នុងនោះ ជើងហោះហើរទ្វេទិស (Flight Movements) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ៩៤២ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង។ បើប្រៀបធៀបចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ការហោះហើរទ្វេទិស (Flight Movements) មានការកើនឡើងប្រមាណជាង ៦០ជើងក្នុងមួយសប្តាហ៍។

នៅឆ្នាំ២០២៥នេះផងដែរ កម្ពុជា ក៏រំពឹងទុកផងដែរថានឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មី ដូចជា ក្រុមហ៊ុនអាកាសចរណ៍ Indigo Airlines (ពីប្រទេសឥណ្ឌា) Etihad Airways (ពីប្រទេសអ៊ែរមីរ៉េតអារ៉ាប់រួម) និង Turkish Airlines (ពីប្រទេសតួកគីយេ) ព្រមទាំងការពង្រីកជើងហោះហើរថ្មីបន្ថែមរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ទៅកាន់ខេត្តសៀមរាប។

ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បើប្រៀបធៀបរវាងឆ្នាំ២០២៤ និងឆ្នាំ២០១៩ (មុនវិបត្តិជំងឺកូវីដ-១៩) កម្ពុជា បានសម្រេចបាន ៥៧% នៃការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស (២០១៩៖ ១១,០២៥លាននាក់, ២០២៤៖ ៦,២៤លាននាក់)។ ជាមួយគ្នានេះ ការដឹកជញ្ជូនតាមផ្លូវអាកាស មានគោលដៅផងដែរ ដើម្បីចូលរួមអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ស្ថិតនៅក្នុងបញ្ចកោណទី២ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង និងមុំទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល។

អត្ថបទទាក់ទង