តើផ្លូវដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត សន្យាផ្ដល់ជូនដល់ប្រជាពលរដ្ឋនៅតំបន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក សម្រេចការសាងសង់បានប៉ុន្មានភាគរយហើយ?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅលើបណ្ដាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញពីវឌ្ឍនភាពនៃការសាងស់ផ្លូវក្រាលកៅស៊ូ (DBST) ប្រវែងជាង៩គីឡូម៉ែត្រ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក។
បើតាមប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក បានឱ្យដឹងថា ផ្លូវដែលសម្ដេចធិបតី ផ្ដល់ជូននេះ សម្រេចបានការសាងសង់ចំនួន ៣០%ហើយ ដោយឡែកសម្រាប់បញ្ជរលក់សំបុត្រសម្រេចបានចំនួន ២០%។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋ សិស្សានុសិស្ស និងភ្ញៀវទេសចរ ដែលឆ្លងកាត់តំបន់នោះបានឱ្យដឹងថា កាលពីមុនផ្លូវមួយខ្សែរនេះ ពិបាកក្នុងការធ្វើដំណើរ ហុយ និងរអិល ដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរ ប៉ុន្ដែក្រោយពីសម្ដេចធិបតីផ្ដល់ផ្លូវមួយខ្សែរនេះ ការធ្វើដំណើរកាន់តែងាយស្រួលជាងមុន និងទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់នេះកាន់តែច្រើនបន្ថែមទៀតផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួម និងបង្កលក្ខណៈឱ្យកងវិស្វកម្មសម្ដេចតេជោខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម សៀង ណាំ អាចធ្វើផ្លូវជូនតាមការសន្យារបស់សម្ដេចបានឆាប់រហ័ស។
សូមជម្រាបជូនថា ផ្លូវក្រាលកៅស៊ូ (DBST) ដែលមានប្រវែងជាង៩គីឡូម៉ែត្រមួយខ្សែនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរនោះទេ ប៉ុន្តែនឹងជួយជំរុញភ្ញៀវទេសចរទៅកាន់តំបន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកកាន់តែច្រើន ដែលនឹងជួយបង្កើនចំណូលនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ៕