សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកថា សម្តេចបានដឹកនាំកែទម្រង់តាំងពីបញ្ហាធំៗ រហូតបញ្ហាតូចរាប់ទាំងកម្មសិទ្ធិខាងមនោសញ្ចេតនាផងដែរ

ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិករដ្ឋសភា តាមរយៈបណ្តាញសង្គម បានបង្ហោះផ្សាយខ្លឹមសារពាក់ព័ន្ធនឹងប្រវត្តិនៃការរៀបការរបស់ខ្លួនកាលពីខែមេសា ឆ្នាំ១៩៨៥ និងមានការជួយជ្រោមជ្រែងដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះខ្លឹមសារថា «ថ្ងៃមុននិយាយពីពេលរៀបការ សម្តេចកិត្តិបណ្ឌិតជាអ្នកដឹកដៃខ្ញុំ! យប់នេះ រើរូបដើម្បីបោះសៀវភៅថ្មីមួយទៀតនៅខែមេសា២០២៥នេះ ក៏បានឃើញរូបមួយចំនួនដែលទាំងសម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិតមកចូលរួមអាពាហ៍ពិពាហ៍ខ្ញុំនៅថ្ងៃទី៦ មេសា ១៩៨៥។ ហើយនេះជាលើកទីមួយ ក្រោយ ៧មករា ១៩៧៩ ដែលលោកទាំងពីរមកចូលរួមអាពាហ៍ពិពាហ៍បែបប្រពៃណីនេះ។ ហើយនេះមិនមែនជារឿងចៃដន្យទេ។ នៅមុនពេលរៀបការ ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់មិនអនុញ្ញាតឱ្យរៀបការទេ ដោយឪពុកក្មេកខ្ញុំ ទេព ថូ ចេញពីយោធាលន់ ណុល (សក្តិ៥ ពេទ្យទាហាន) និងមានអ្នកជំរុញអោយមាននារីអ្នកតវ៉ាផង (សម័យនោះ មន្ត្រីជាន់ខ្ពស់ដូចជារូបខ្ញុំនៅពេលរៀបការត្រូវមានការយល់ព្រមពីថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស)។ មានតែសម្តេចមួយគត់ដែលថាអោយខ្ញុំរៀបការទៅ។ ដើម្បីបង្ការមានការបំផ្លាញពិធីការនេះ ទើបសម្តេចកិត្តិបណ្ឌិតមកដឹកដៃខ្ញុំ ហើយសម្តេចតេជោ បានផ្អាកការប្រជុំគណៈរដ្ឋមន្ត្រីសម័យនោះដើម្បីមកចូលរួម។ នេះជាគុណធម៌ដែលខ្ញុំមិនអាចបំភ្លេចបានរហូតមួយជីវិតខ្ញុំ។
ស្របពេលជាមួយគ្នានោះផងដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលទៅខមិនតប ដោយមានខ្លឹមសារថា «អរគុណកាញារីទ្ធដែលនៅចងចាំ និងរក្សាបានរូបថតដ៏កម្រនេះ! ពេលនោះខ្ញុំទើបធ្វើនាយករដ្ឋមន្រ្តី បាន៣ខែក្នុងវ័យ៣២ឆ្នាំប្អូនកូនកម្លោះ ១ឆ្នាំ (ថោះនិងរោង)។ ថ្ងៃមួយបង ជ័យ សាផុន អនុប្រធានគណៈចាត់តាំងបក្ស បានទៅរាយការណ៍ជូនការិយាល័យនយោបាយមុនពេលប្រជុំដោយលើកហេតុផល និន្នាការនយោបាយលោក អុំ ទេព ថូ និងនារីម្នាក់អាចសម្លាប់ខ្លួន ប្រសិនកាញារីទ្ធរៀបការជាមួយនារីផ្សេង។ ជាមួយនឹងការយល់ព្រមតាមបង ជ័យ សាផុន និងថ្នាក់ដឹកនាំមួយចំនួន ស្ទាក់ស្ទើរ ខ្ញុំជាមនុស្សតែម្នាក់គត់និយាយយ៉ាងច្បាស់ថា សូមកុំយកនិន្នាការនយោបាយមករារាំងការស្រឡាញ់គ្នារបស់ក្មេង និងកុំចាប់បង្ខំក្មេងឲ្យរៀបការនៅពេលដែលគេមិនស្រឡាញ់គ្នាដូចជំនាន់ប៉ុលពត។ សម្រាប់អ្នកចង់សម្លាប់ខ្លួនដោយមិនបានរៀបការជាមួយកញារីទ្ធ ខ្ញុំ បានដឹងនិងស្គាល់ហើយមិនមានបញ្ហាទេ គាត់ចង់រស់ពីរបបប៉ុល ពត ដូចនេះគាត់មិនសម្លាប់ខ្លួនទេ។
ខ្ញុំបន្ថែមថា អាពៅ កូនអុំ ទេព ថូ ជានិស្សិតពេទ្យឲ្យគេរៀបការទៅ។ ដោយការរាប់អានជាមួយកាញារីទ្ធ និង អុំទេព ថូ ដែលតែងមកពិភាក្សាការងារជាមួយខ្ញុំផ្ទាល់ខ្លួន ខ្ញុំក៏បានប្រាប់ភរិយាខ្ញុំថា យើងទៅចូលរួមរៀបការកាញារីទ្ធជាមួយកូនអុំ ទេព ថូ។ គាប់ជួនបង យិត គឹមសេង ដែលជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅផ្ទះជាប់ជាមួយខ្ញុំ ក៏ទៅចូលរួមរៀបការដែរ ទើបភរិយាខ្ញុំដឹកដៃកាញារីទ្ធ និងប្រពន្ធបង យិត គឹមសេង ដឹកដៃអាពៅ។
ខ្ញុំត្រូវលើកពេលប្រជុំគណៈរដ្ឋមន្ត្រីដើម្បីទៅចូលរួមរៀបការជាភ្ញៀវផងជាកងការពារផងស្ទើរតែដាក់រថក្រោះT55ការពារប្រុសស្អាតស្រីដេញរៀបការ។ សរុបមក បើមិនមានខ្ញុំ កាញារីទ្ធ មិនបានរៀបការនៅពេលនោះទេ។ ខ្ញុំ ត្រូវដឹកនាំកែទម្រង់តាំងពីបញ្ហាធំៗរហូតបញ្ហាតូចរាប់ទាំងកម្មសិទ្ធិខាងមនោសញ្ចេតនានេះផងដែរ»៕