Khmer First Close

តើរាជរដ្ឋាភិបាលមានគោលនយោបាយជួយប្រជាពលរដ្ឋអ្វីខ្លះ?

ដោយ៖ សម្បត្តិ កិត្យា ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ 155
តើរាជរដ្ឋាភិបាលមានគោលនយោបាយជួយប្រជាពលរដ្ឋអ្វីខ្លះ? តើរាជរដ្ឋាភិបាលមានគោលនយោបាយជួយប្រជាពលរដ្ឋអ្វីខ្លះ?

ក្នុងឱកាសសំណេះសំណាលជាមួយកម្មករនយោជិត និងសម្ពោធទារកដ្ឋាននៅរោងចក្រម៉ាវ៉ល ហ្កាមិន នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ គឺជាគោលនយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺជានយោបាយដ៏ល្អដើម្បីជួយដល់ស្រ្តី។

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាព នឹងទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀលក្នុង១លើក ហើយត្រូវពិនិត្យផ្ទៃពោះចំនួន៤លើក មុនពេលសម្រាល ដោយពេលឆ្លងទន្លេ កូន១ ទទួលបានថវិកាឧបត្ថម្ភចំនួន ៨០ម៉ឺន កូនភ្លោះ២ ទទួលបាន ១ លាន ២ សែន រៀល កូនភ្លោះ៣ ទទួលបាន ១ លាន ៦ សែន រៀល និងការឧបត្ថម្ភពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថែមទៀត។

ក្នុងឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចអំពីគោលបំណងដែលសម្ដេចអញ្ជើញមកពិនិត្យដោយផ្ទាល់នៅទារកដ្ឋាននេះ គឺដើម្បីចង់មកមើលឃើញជាក់ស្ដែងនូវការអនុវត្តការងារបង្កើតទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស ដែលសម្ដេចបានដាក់ចេញគោលការណ៍នេះ កាលពីពេលដែលសម្ដេចអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដោយពេលនោះសម្ដេចបានដាក់ចេញគោលការណ៍ចំនួន ១០ ដើម្បីឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុវត្ត ហើយ ការបង្កើតទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស គឺជា គោលការណ៍១ ក្នុងចំណោមគោលការណ៍ទាំង១០ ដែលសម្ដេចបានដាក់ចេញនាពេលនោះ ។

បន្ថែមពីនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បាន និងកំពុងជួយដល់ប្រជាពលរដ្ឋជាច្រើន ហើយប្រជាពលរដ្ឋកំពុងទទួលបានផលជាក់ស្ដែងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល តួយ៉ាង បណ្ណ ប.ស.ស. បានជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋយ៉ាងច្រើន ដោយប្រជាពលរដ្ឋអាចប្រើប្រាស់បណ្ណ ប.ស.ស.ដើម្បីទៅពិនិត្យសុខភាព និងព្យាបាលជំងឺ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជនដែលជាដៃគូ ហើយបន្ថែមពីនេះ បណ្ណ ប.ស.ស. ក៏អាចជួយដល់កម្មករនិយោជិត ពេលមានគ្រោះថ្នាក់ការងារ ហើយបើសិនជាមានគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់បាត់បង់សមត្ថភាពក្នុងការបំពេញការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំបណ្ដុះបណ្ដាលជំនាញដើម្បីអាចជួយលើកកម្ពស់ជីវភាពផងដែរ៕

អត្ថបទទាក់ទង