រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ បានធ្វើឱ្យកម្ពុជាឈានជើងមកដល់មាត់ជ្រោះមរណៈដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តាមរយៈបណ្តាញសង្គមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ថ្ងៃទី១៨ ខែមីនា គឺជាខួបទី៥៥ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុមសេនាប្រមុខ លន់ ណុល និងទ្រង់ សិរីមតៈ។ ថ្ងៃនេះ កាលពី ៥៥ឆ្នាំមុន កម្ពុជាដ៏កំសត់ របស់យើងបានឈានជើងមកដល់មាត់ជ្រោះមរណៈដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ សង្រ្គាម ការទម្លាក់គ្រាប់បែក អំពើហិង្សា អសន្តិសុខ បានមកញាំញីប្រជាពលរដ្ឋគ្មាន ស្រាកស្រាន្ត។ ក្រោយរដ្ឋប្រហារ ១៨មីនា កង់ប្រវត្តិសាស្រ្តបានខិតជិតទៅរកមហាសោកនាដកម្មដ៏គួរឱ្យសោកសង្រែងជាទីបំផុតដែលយើងមិនធ្លាប់ស្គាល់។ អំពើប្រល័យពូជសាសន៍ ការសម្លាប់រង្គាល ទារុណកម្ម និងការងារដោយបង្ខំ បានសម្លាប់ប្រជាជនអស់ជិត៣លាននាក់ ត្រឹមរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧មករា យើងត្រូវការពេលវេលាច្រើនណាស់ទម្រាំកសាងជាតិឱ្យរស់រានមានជីវិតឡើងវិញ ស្របពេលដែលមានសម្ពាធពីគ្រប់មជ្ឈដ្ឋាន រាប់បញ្ចូលទាំងហានិភ័យនៃការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍។ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងនៅពេលនោះ បានតស៊ូប្រឹងប្រែងខាំមាត់សង្កត់ចិត្ត អត់ធ្មត់ខ្ពស់បំផុត ខិតខំការពារជាតិក្នុងកាលៈទេសៈដ៏លំបាកនោះ ព្រមទាំងពុះពារលះបង់សព្វបែបយ៉ាងដើម្បីទទួលបានមកវិញនូវសុខសន្តិភាព។ យើងត្រូវការពេលវេលាជិត២ទសវត្សរ៍ទៀត ទើបយើងទទួលបានផ្លែផ្កានៃសន្តិភាពពេញលេញ ចាប់ផ្តើមការកសាងអភិវឌ្ឍជាតិលើគ្រប់វិស័យ។
មេរៀនប្រវត្តិសាស្រ្តមួយនេះ គឺជាការដាស់ស្មារតីដល់អ្នកជំនាន់ក្រោយឱ្យស្វែងយល់ពីភាពផុយ ស្រួយនៃសន្តិភាព និងការបំផ្លិចបំផ្លាញនៃសង្រ្គាម។ ព្រឹត្តិការណ៍នេះ ក៏បានបង្រៀនយើងផងដែរ ថា គ្មានអ្នកណាស្រលាញ់ជាតិយើងជាងជនជាតិយើង ដែលមានកំណើត និងបានរស់រានមានជីវិត លើទឹកដីយើងនោះទេ។ ការលាបពណ៌ នយោបាយជ្រុលនិយម រើសអើង និងការស្អប់ខ្ពើម គឺជា ប្រភព នៃការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ដែលនេះជាអ្វីដែលនាំដល់ការចុះខ្សោយនៃប្រជាជាតិ យើងក្នុងអតីតកាល៕