Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1299
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា
នៅព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​សម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ​វត្ត​ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវ​បាន​​សាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក។ ថវិកា​សាងសង់អគារសិក្សាថ្មីនេះ ទទួលបានការ​ឧបត្ថម្ភ​ពី​សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រម​ទាំង​​សប្បុរសជននានា។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជានាថ្ងៃនេះ ដែលជាការរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមទៀតសម្រាប់វិស័យអប់រំរបស់កម្ពុជា។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យមានកែតម្រូវលើបទចម្រៀងមួយបទដែលមានចំណងជើង ទាក់ទងការអបអរសាទរសម្ពោធអគារសិក្សាថ្មីនៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា តែបែជាអ្នកនិពន្ធ និពន្ធច្រឡំដាក់ថាសាកលវិទ្យាល័យពុទ្ធិកសាកលវិទ្យាល័យសីហនុរាជាទៅវិញ។ សម្ដេចតេជោក៏បានបន្ថែមទៀតថា ពេលខ្លះការនិពន្ធបទចម្រៀងហាក់បីដូចជាលឿនពេក ដែលមិនបានសិក្សាឱ្យស៊ីជម្រៅ ធ្វើឱ្យមានការខុសឆ្គង ហើយពេលខ្លះនិពន្ធទៅតាមសកម្មភាពប្រចាំថ្ងៃ ដែលធ្វើឲ្យអ្នកស្ដាប់ ស្ដាប់សឹងមិនទាន់ សូម្បីសម្ដេចក៏មិនមានពេលស្តាប់ដែរ។ ដូច្នេះសម្ដេចតេជោសំណូមពរឲ្យមានការដកបទចម្រៀងមួយនេះចេញ និងធ្វើការកែតម្រូវ។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ណែនាំឱ្យជ្រើសរើសគ្រូល្អៗមកបណ្តុះបណ្តាលនៅសាកលវិទ្យាល័យពុទ្ធិកសីហមុនីរាជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនិស្សិតឲ្យមានសមត្ថភាពល្អប្រសើរ។ ជាមួយគ្នានោះផងដែរ សម្តេចតេជោក៏បានជំរុញឱ្យពង្រឹងកិច្ចការនៃការធ្វើនិក្ខេបបទថ្នាក់បណ្ឌិតឲ្យបានត្រឹមត្រូវជ្រើសរើសអ្នកជំនាញមកពិនិត្យនិក្ខេបបទនោះឲ្យបានច្បាស់លាស់ ដើម្បីពង្រឹងគុណភាព នៃការសិក្សារបស់និស្សិត។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សារជាថ្មីទៀតថា កំហុសនយោបាយពីអតីតកាល ធ្វើឱ្យកម្ពុជាជួបវិនាសកម្ម ហើយធនធានមនុស្សត្រូវបានបាត់បង់។ ដូច្នេះគ្មានអ្វីល្អប្រសើរជាងការចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សនោះទេ។ សម្តេចតេជោបន្តទៀតថា បើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ហើយទុកឱ្យព្រះបរមរតនកោដ្ឋដឹកនាំប្រទេស កម្ពុជានឹងទទួលលបានការអភិវឌ្ឍន៍ ចម្រើនលូតលាស់ មិនជួបវិនាសកម្មនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានៅតែប្រកាន់យកគោលនយោបាយ ថវិកា ផ្សារភ្ជាប់នឹងគោលនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខទៀត។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បាមសម្រេចជួយសាងសង់អគារស្នាក់នៅសម្រាប់និស្សិតសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាមួយខ្នង និងឲ្យអភិបាលរាជធានីភ្នំពេញរៀបចំចាត់ចែងការសាងសង់ចាក់ផ្លូវបេតុង សម្រាប់ទីធ្លាបរិវេណសាកលវិទ្យាល័យនេះផងដែរ។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្រេចផ្តល់ក្របខណ្ឌមន្ត្រីរាជការ ជូនគ្រូ និងបុគ្គលិកបណ្តែត ២៨នាក់ កំពុងបង្រៀន និងបម្រើការងារនៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជាផងដែរ។
ជាមួយនឹងការប្រកាសដាក់ឲ្យដំណើរការអាគារសិក្សា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានាថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រគេនពរ និងជូនពរ ដល់សម្ដេច ឯកឧត្តមលោកជំទាវ លោក លោកស្រី ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងនិស្សិតទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង