តើមតិលើកឡើងថា “ខ្មែរកាន់តែក្រ” ជារឿងត្រឹមត្រូវដែរឬទេ?
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានមតិខ្លះលើកឡើងថា ប្រទេសកម្ពុជាកាន់តែក្រទៅៗ និងរីកចម្រើនតែរាជធានីភ្នំពេញ ដែលការលើកឡើងបែបនេះ មិនមែនជារឿងត្រឹមត្រូវនោះទេ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ ក្នុងខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចោទជាសំណួរថា បើធៀបនឹងកាលពីទសវត្ស៨០ បើសិននិយាយថា ប្រទេសកម្ពុជាមិនមានការរីកចម្រើនទេ សូមចង្អុលបង្ហាញមកតើនៅកន្លែងណា?
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការលើកឡើងថា កម្ពុជារីកចម្រើនតែនៅរាជធានីភ្នំពេញ ឯភូមិ-ឃុំ គ្មានការអភិវឌ្ឍទេ នោះគឺមិនជឿនោះទេ ព្រោះថា ប្រជាពលរដ្ឋនៅមូលដ្ឋានជាក់ស្តែងដឹងច្បាស់ហើយពីការរីកចម្រើនបើប្រៀបធៀបពីអតីតកាល។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា ការរីកចម្រើននៅកម្ពុជា កើតឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស សូម្បីតែនៅតាមទីជនបទ គឺស្ទើរតែគ្រប់ផ្ទះមានគោយន្ត ផ្ទះថ្ម ម៉ូតូ ឡាន ជាដើម ដែលកត្តាទាំងអស់នេះហើយឆ្លុះបញ្ចាំងពីការរីកចម្រើនជារួម៕