តើសម្ដេចតេជោ ហ៊ុន សែន អនុវត្ដយុទ្ធសាស្រ្ដប៉ុន្មានចំណុច ក្នុងការស្វែងរកសន្ដិភាព និងការផ្សះផ្សារជាតិនៅកម្ពុជា?

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងថា ដើម្បីស្វែររកសន្ដិភាពនិងការផ្សះផ្សារជាតិនៅកម្ពុជា សម្ដេចបានដាក់ចេញនូវយុទ្ធសាស្រ្ដ ៥ចំណុច ដោយសម្ដេចបានយល់ច្បាស់ថា សង្រ្គាមនឹងអូសបន្លាយ ទុក្ខវេទនារបស់ប្រជាជនគ្មានទីបញ្ចប់នោះទេ។
នៅក្នុងឱកាសអញ្ជើញថ្លែងបាឋកថាក្រោមប្រធានបទ “មេរៀនរបស់ ហ៊ុន សែន ពីរបបប្រល័យពូជសាសន៍និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព” ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទៅម័រឡេស្តេ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា យុទ្ធសាស្រ្ដ៥ចំណុចដែលសម្ដេចយល់ថា នឹងនាំទៅរកសន្ដិភាព និងការផ្សះផ្សារជាតិ រួមមាន៖
១, រៀបចំជំនួប សីហនុ និងហ៊ុន សែន គឺសម្ដេចជួបគាល់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ។
២, ការដកទ័ពវៀតណាមទាំងស្រុងចេញពីកម្ពុជា ដើរទន្ទឹមនឹងការបញ្ឈប់ជំនួយនិងការគាំទ្រទាំងអស់ដល់កងកម្លាំងនៃរដ្ឋាភិបាលចម្រុះត្រីភាគី
៣, ការរៀបចំបោះឆ្នោត ដោយមានអ្នកសង្កេតការណ៍អន្ដរជាតិ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយដែលអនុវត្ដគោលនយោបាយអន្ដរជាតិអព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ
៤, ចរចាជាមួយប្រទេសថៃ ដើម្បីកំណត់ព្រំដែនមួយប្រកបដោយសមិទ្ធភាពនិងសមភាព និងធ្វើមាតុភូមិនិវត្ដន៍ដោយស្មគ្រចិត្ដជនភាសខ្លួនពីប្រទេសថៃ
៥, រៀបចំសន្និសីទ្ធអន្ដរជាតិមួយ ដើម្បីផ្ដល់ការធានាដល់កិច្ចព្រមព្រៀងដែលសម្ដេចបានផ្ដល់ដល់ភាគីនៃរដ្ឋាភិបាលទាំងពីរ គឺរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយមកប្ដូរជារដ្ឋាភិបាលរដ្ឋកម្ពុជា ដឹកនាំដោយសម្ដេចតេជោ និងរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ សមាជិកអចិន្រៃយ៍ ក្រុមប្រឹក្សាសន្ដិសុខប្រទេសវៀតណាម ឥណ្ឌា និងប្រទេសដទៃទៀត។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា យុទ្ធសាស្រ្ដទាំងអស់នេះហើយ ដែលយើងអាចឈានដល់ការចរចារដោយសន្ដិវិធី៕