សម្តេចតេជោ ហ៊ុន សែន កំពុងរួមចំណែកបញ្ជាទ័ពដើម្បីវាយចោរថៃឈ្លានពាន
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះផ្សាយខ្លឹមសារដូចតទៅ៖
នៅមុននេះបន្តិច កាសែតថៃ បានចេញផ្សាយថា ខ្ញុំបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។
ខ្ញុំសូមបញ្ជាក់ថា ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ!។
ខ្ញុំអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២របស់ថៃ ថានឹងបិទច្រកចូលប្រាសាទតាមាន់ធំ។
មេបញ្ជាការយោធភូមិភាគ២របស់ថៃ នេះហើយជាអ្នកបង្កសង្រ្គាមនេះឡើងតាមរយៈការបញ្ជាឲ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញនិងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។ លោកម្នាក់នេះហើយដែលធ្លាប់ បានព្រមានថា នឹងវាយកម្ពុជាដោយប្រើពេលត្រឹម៣ថ្ងៃ។ ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម៣ថ្ងៃរបស់គាត់ដែរ។ ការចុះផ្សាយដែលចរិតកុហកនៃអ្នកនយោបាយថៃនិងសារព័ត៌មានថៃវាបានក្លាយទៅជាវប្បធម៌ធម្មតារបស់ពួកគេទៅហើយ សូមបន្តបោកប្រាស់តទៅទៀតចុះ។
“Don’t Thai to me!”