សារព័ត៌មាន The Nation របស់ថៃ ៖ លោក ហ៊ុន សែន ចំអកថា មានតែចោរទេ ដែលខ្លាចតុលាការ
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មាន The Nation របស់ថៃ បានចុះផ្សាយខ្លឹមសារអត្ថបទមួយដោយដាក់ចំណងជើងថា លោក ហ៊ុន សែន ចំអកថា មានតែចោរទេ ដែលខ្លាចតុលាការ។
ខាងក្រោមនេះ គឺជាការចុះផ្សាយរបស់ The Nation:
បណ្តាញព័ត៌មាន Fresh News របស់កម្ពុជា បានចុះផ្សាយនៅថ្ងៃទី១៦ ខែមិថុនាថា កម្ពុជាបានអះអាងសារជាថ្មីអំពីជំហរផ្លូវការរបស់ខ្លួនក្នុងការដោះស្រាយជម្លោះព្រំដែនដែលកំពុងបន្តជាមួយប្រទេសថៃ តាមរយៈយន្តការច្បាប់អន្តរជាតិ គឺតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងការទាមទារត្រួតគ្នាជុំវិញតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់ទូច និងប្រាសាទតាក្របី។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានជំរុញសហគមន៍អន្តរជាតិ ជាពិសេស អ្នក ដែលស្រឡាញ់សន្តិភាពនិងប្រឆាំងសង្គ្រាមឱ្យគាំទ្រសំណុំរឿងផ្លូវច្បាប់របស់កម្ពុជានៅ តុលាការយុត្តិធម៌អន្តរជាតិ។
លោក ហ៊ុន សែន បានចាត់ទុកចំណាត់ការរបស់ប្រទេសកម្ពុជាថា មិនគ្រាន់តែជា យុទ្ធសាស្ត្រផ្លូវច្បាប់ប៉ុណ្ណោះទេ តែក៏ជាជំហរសីលធម៌ក្នុងការប្រឈមមុខនឹងភាព តានតឹងនៅក្នុងតំបន់។ លោកបានប្រកាសថា «មានតែចោរទេដែលខ្លាចតុលាការ។ប្រសិនបើជាជនស្លូតត្រង់ មិនចាំបាច់ខ្លាចយុត្តិធម៌ទេ» ដោយលោកបន្ថែមថា «វិធីសាស្រ្តរបស់កម្ពុជាគឺចាក់ឫសនៅក្នុងសន្តិភាព និងដំណោះស្រាយផ្លូវច្បាប់ តាមរយៈកិច្ចសន្ទនាទ្វេភាគី និងយន្តការអន្តរជាតិ មិនមែនការប្រឈមមុខគ្នាផ្នែកយោធាទេ»។
លោក ហ៊ុន សែន អំពាវនាវឱ្យប្រទេសដែលប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ គាំទ្រគំនិតផ្តួចផ្តើមរបស់កម្ពុជា ដោយបានប្រៀបធៀបករណីអាស៊ាននៅពេលកន្លងមក ដូចជាករណីពាក់ព័ន្ធនឹងម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងសិង្ហបុរី ដែលសុទ្ធតែបាននាំយកជម្លោះទឹកដីទៅកាន់តុលាការ ICJ ។ លោក បញ្ជាក់ថា «ការទាមទាររបស់កម្ពុជា គឺផ្អែក លើផែនទី ជាពិសេសផែនទី សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ដែលទទួលស្គាល់ ដោយតុលាការ ICJ នៅក្នុងសាលក្រម ឆ្នាំ១៩៦២ លើករណីប្រាសាទព្រះវិហារ»។
កម្ពុជា បដិសេធមិនចរចាអំពីការបិទច្រកព្រំដែន
លោក ហ៊ុន សែន ក៏បានរិះគន់លើការ បិទច្រកព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃ ដោយមិនបានជូនដំណឹងជាមុនផងដែរ។
ខណៈដែលពេលនេះ ប្រទេសថៃបានបង្ហាញចំណាប់អារម្មណ៍ក្នុងការបើកប៉ុស្តិត្រួតពិនិត្យឡើងវិញ កម្ពុជាបានច្រានចោលរាល់ការលើកឡើងអំពីការចរចាទ្វេភាគីលើបញ្ហានេះ ដោយបានអះអាងថា «ប្រទេសថៃគឺជាអ្នកដែលបានរំលោភលើកិច្ចព្រមព្រៀង ដូច្នេះហើយប្រទេសថៃគួរតែផ្លាស់ប្តូររការសម្រេចចិត្តរបស់ខ្លួនដោយគ្មានលក្ខខណ្ឌ»។
លោកបានព្រមាន ថា «ប្រសិនបើប្រទេសថៃមិនបើកព្រំដែនឡើងវិញដូចការ ព្រមព្រៀងកាលពីមុនទេ កម្ពុជានឹងឆ្លើយតបដោយការហាមឃាត់ការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃទាំងអស់មិនឱ្យឆ្លងកាត់ព្រំដែនរបស់ខ្លួន»។
ការអំពាវនាវឱ្យពលរដ្ឋខ្មែរវិលត្រឡប់មកស្រុកវិញ
លោកហ៊ុន សែន បានជំរុញឱ្យពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃ ជាពិសេសពលករដែលគ្មានឯកសារ និងនិស្សិតអាហារូបករណ៍ ឱ្យវិលត្រឡប់ទៅផ្ទះវិញ ដើម្បីជៀសវាងការរើសអើងពូជសាសន៍ ដោយបានសន្យាផ្តល់ការគាំទ្រពីរដ្ឋ និងឱកាសការងារនៅពេលពួកគេត្រឡប់មកវិញ។ លោកបានសន្យាថា «និស្សិតនឹងទទួលបានអាហារូបករណ៍ពេញលេញនៅក្នុងប្រទេសកម្ពុជា»។
សន្តិភាពតាមរយៈច្បាប់ មិនមែនតាមរយៈកម្លាំងទេ
លោក ហ៊ុន សែន បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាព និងច្បាប់អន្តរជាតិ :
« បើអ្នកស្អាតស្អំ អ្នកមិនខ្លាចតុលាការទេ។ មានតែអ្នកដែលមានខ្លួនទេ ដែលខ្លាច»។
ការលើកឡើងនេះ ដែលជាសារនយោបាយកំពុងទទួលបានការចាប់អារម្មណ៍ បានគូសបញ្ជាក់ពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការស្វែងរកយុត្តិធម៌តាមមធ្យោបាយច្បាប់ ជាជាងតាមរយៈជម្លោះយោធា ដោយបានពង្រឹងមុខមាត់របស់កម្ពុជាក្នុងនាមជាប្រទេស ដែលប្តេជ្ញាដោះស្រាយវិវាទតាមផ្លូវច្បាប់។
លោក ហ៊ុន សែន បានលើកឡើងថា បើទោះបីជាកម្ពុជាអាចរងការបាត់បង់ទឹកដី កាលពី ពេលកន្លងមកក៏ដោយ ក៏កម្ពុជានឹងលែងនៅស្ងៀមទៀតហើយ នៅចំពោះ មុខអ្វីដែល ខ្លួនចាត់ទុកជាមហិច្ឆតារបស់ប្រទេសថៃក្នុងការទាមទារទឹកដីជា ប្រវត្តិសាស្ត្ររបស់កម្ពុជា ។ តាមរយៈការស្វែងរកដំណោះស្រាយតាមរយៈតុលាការ ICJ កម្ពុជាមានគោលបំណងការពារមិនត្រឹមតែទឹកដីប៉ុណ្ណោះទេ តែក៏ចង់ការពារសេចក្តីថ្លៃថ្នូរជាតិ និងភាពស្របច្បាប់នៅលើឆាកអន្តរជាតិ។