តើរាជរដ្ឋាភិបាលពិតជាបានបំផុសស្មារតីជាតិនិយមដើម្បីប្រឆាំងប្រទេសដទៃដូចការចោទប្រកាន់មែនឬ?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ស្មារតីជាតិនិយមរបស់ថៃ បង្កបញ្ឆេះទំនាស់ព្រំដែន បានហៀរមកដល់ប្រទេសកម្ពុជា ដែលស្មារតីជាតិនិយមរបស់កម្ពុជាត្រូវតែកើតមានឡើងដែរដោយក្ដីឈឺចាប់ ដើម្បីទប់ទល់។ កុំយកបញ្ហា ក្នុងប្រទេសថៃ មកពាក់ព័ន្ធជាមួយកម្ពុជា។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាមានការអត់ធ្មត់ ដោយចង់ស្វែងរកសន្តិភាពរវាងប្រទេសជិតខាង។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី «បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) នៅសណ្ឋាគារសុខាសៀមរាប» នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើមចមនៃស្មាតីជាតិនិយមកម្ពុជាមិនមែនកើតឡើងដោយសារកម្ពុជាបំផុសដើម្បីយកទៅវាយអ្នកណាដើម្បីចំណេញនយោបាយផ្ទៃក្នុងនោះទេ ប៉ុន្តែដោយសារកត្តាខាងក្រៅពោលគឺ ប្រទេសមួយ អ្នកនយោបាយមួយចង់ចំណេញនយោបាយខ្លួនឯងបំផុសនយោបាយផ្ទៃក្នុងខ្លួនឯង ហើយយកកម្ពុជាធ្វើជាបាវសាក់ នេះហើយធ្វើឱ្យជាតិខ្មែររបស់យើងត្រូវឆ្លើយតបទៅវិញ ដែលនេះជាស្មារតីដុតបញ្ឆេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្វីដែលយើងធ្វើគ្រាន់តែបំពេញភារកិច្ចរបស់យើងដឹកនាំប្រទេសមួយ ដាក់ចេញគោលនយោបាយប្រទេសមួយ គោលដៅវិធានការប្រទេសមួយដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងដើម្បីការពារផលប្រយោជន៍ និងឧត្តមប្រយោជន៍ជាតិតែប៉ុណ្ណោះ នេះហើយស្មារតីជាតិនិយម ហើយកម្ពុជាមិនបានឈ្លានពានប្រទេសណានោះទេពោលគឺ រាជរដ្ឋាភិបាលកម្ពុជាមិនបានបង្កើតព័ត៌មានក្លែងក្លាយដើម្បីដុតប្រទេសនោះទេ៕