សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា បន្តរកក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ នៅព្រឹកថ្ងៃអាទិត្យទី២៨ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិកន្លងមក បានធ្វើឱ្យប្រទេសកម្ពុជាបន្តរកក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ធានាបានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ការធានាបាននូវធនធានមនុស្ស និងការដាក់ចេញនូវគោលនយោបាយអំណោយផលនានាដើម្បីលើកទឹកចិត្ត និងបង្កើតបរិយាកាសវិនិយោគប្រកបដោយបរិយាប័ន្ន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល តែងបានផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន ជាពិសេសបងប្អូនកម្មករនិយោជិតទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធនៅគ្រប់ដំណាក់កាល បង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំជំរុញឱ្យមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងបានជួយកែប្រែជីវភាពរស់នៅ ប្រាក់ចំណូល និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត រួមទាំងការទទួលបាននូវកិច្ចគាំពារសង្គមកាន់តែប្រសើរ មានឱកាសទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសការងារកាន់តែទូលំទូលាយទាំងក្នុងនិងក្រៅប្រទេស។
សម្រាប់វិស័យការងារវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាល បន្តដើរតួនាទីប្រៀបបានទៅនឹងអាណាព្យាបាលរបស់គូស្វាមីភរិយាមួយគូ គឺនិយោជក និងកម្មករ និយោជិត តាមបណ្តារោងចក្រសហគ្រាស ដើម្បីរក្សាបាននូវសុខដុមនីយកម្ម តាមរយៈការលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព អត្ថប្រយោជន៍របបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការបង្ការ និងដោះស្រាយវិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការ រក្សាបាននូវភាពសុខសាន្តនៅគ្រប់ទីតាំងសហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិតក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព៕