អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ វីរៈកងទ័ពរបស់កម្ពុជា ២រូប ដែលយោធាថៃចាប់ គឺបានដោះលែងមកវិញហើយ!
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបង្ហោះនៅផេកផ្លូវការដែលមានខ្លឹមសារថា នៅវេលាម៉ោង១១ថ្ងៃត្រង់នេះ នៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃបានប្រគល់ទាហានមកឱ្យកម្ពុជាវិញនូវកងកម្លាំងចំនួន ០២ រូបប៉ុណ្ណោះ ដូច្នេះកម្ពុជាបន្តជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងដែលនៅសេសសល់ដទៃទៀតឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
សូមជម្រាបជូនថា កម្ពុជាទទួលបានវីរៈកងទ័ពចំនួន២រូប នៅច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលរួមមាន អនុសេនីយ៍ត្រី អាង អឿង អាយុ ៣៧ឆ្នាំ មានបញ្ហាសតិអារម្មណ៍ និងឈ្មោះ ព្រិន្ទបាលឯក ម៉ម វុទ្ធី អាយុ ៥៣ឆ្នាំ រងរបួសធ្ងន់ ពេលនេះបងប្អូនកងកម្លាំង២រូបត្រូវបានបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ៕