Khmer First Close

ក្រសួងព័ត៌មាន ចេញសេចក្ដីណែនាំ៣ចំណុច ចំពោះការផ្សព្វផ្សាយ និងការចែកចាយព័ត៌មានផ្ដល់ផលអវិជ្ជមានដល់សន្ដិសុខជាតិ

ដោយ៖ សម្បត្តិ កិត្យា ​​ | ម្សិលមិញ ម៉ោង 15:15 pm ព័ត៌មានជាតិ 148
ក្រសួងព័ត៌មាន ចេញសេចក្ដីណែនាំ៣ចំណុច ចំពោះការផ្សព្វផ្សាយ និងការចែកចាយព័ត៌មានផ្ដល់ផលអវិជ្ជមានដល់សន្ដិសុខជាតិ ក្រសួងព័ត៌មាន ចេញសេចក្ដីណែនាំ៣ចំណុច ចំពោះការផ្សព្វផ្សាយ និងការចែកចាយព័ត៌មានផ្ដល់ផលអវិជ្ជមានដល់សន្ដិសុខជាតិ

ក្រសួងព័ត៌មាន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំស្ដីពីការផ្សព្វផ្សាយ និងការចែកចាយព័ត៌មានផ្តល់ផលអវិជ្ជមានដល់សន្តិសុខជាតិ ដោយបានគូសបញ្ជាក់ថា ក្រសួងព័ត៌មានបានសង្កេតឃើញថា អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងមួយចំនួន បានធ្វើការផ្សព្វផ្សាយរូបភាពពីសមរភូមិជួរមុខ ដោយបានបង្ហាញទីតាំងលេណដ្ឋានកងទ័ព សព្វាវុធ យោធោប្បករណ៍ ការសម្ងាត់របស់កងទ័ព និងយុទ្ធសាស្ត្រប្រយុទ្ធ ដែលអាចធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ អាយុជីវិតរបស់យុទ្ធជន និងការបំពេញបេសកកម្មក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ ក្រសួងព័ត៌មាន បានណែនាំដល់អ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ដូចតទៅ៖

១- រាល់ការធ្វើដំណើរនិងការចុះយកព័ត៌មាននៅសមរភូមិជួរមុខ ត្រូវមានការជូនដំណឹងនិងស្នើសុំការ អនុញ្ញាតពីក្រសួងព័ត៌មាន និងសមត្ថកិច្ចនៅសមរភូមិមុខ ហើយត្រូវកាត់បន្ថយជាអតិប្បរមា ដើម្បីធានា សុវត្ថិភាពផ្ទាល់ខ្លួននិងសន្តិសុខជាតិ និងត្រូវគោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្ដីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

២- ហាមផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យោធោប្បករណ៍ និងការសម្ងាត់របស់កងទ័ព ដែលធ្វើឱ្យអន្តរាយដល់សន្តិសុខ ជាតិនិងបង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មជូនជាតិ។

៣- រាល់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មាន ត្រូវធានាថា មិនធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ ការបែងបាក់សាមគ្គីភាពជាតិ ការបំបាក់ទឹកចិត្តកងទ័ព ទំនាក់ទំនងជាមួយប្រទេសដទៃ ការបង្កអរិភាពជាតិ សាសន៍ សិទ្ធិបុគ្គល សាធារណមតិជាតិ និងអន្តរជាតិ ដោយចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មាន ជាមួយប្រភព ព័ត៌មានផ្លូវការរបស់ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងក្រសួងការបរទេស និងកិច្ច សហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

ក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ការប្រព្រឹត្តផ្ទុយនឹងសេចក្ដីណែនាំនេះ ក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់៕

អត្ថបទទាក់ទង