អាជ្ញាធរមីនឆ្លើយតបការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃអំពីការដាក់មីនថ្មីហើយអះអាងជាថ្មីថាកម្ពុជាមិនបានប្រើប្រាស់ហើយនឹងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធនិងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់អ្នកនាំពាក្យកងទ័ពថៃថាកម្ពុជាបង្កប់មីនថ្មី ធ្វើឱ្យទាហានថៃជាន់បណ្តាលឱ្យរបួសជាបន្តបន្ទាប់។
អាជ្ញាធរមីន បានគូសបញ្ជាក់ថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតា ដែលបច្ចុប្បន្នមាន១៦៥ប្រទេសជារដ្ឋភាគី កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតដ៏ច្រើនលើសលុប។ ជារឿយៗកងទ័ពថៃតែងចោទប្រកាន់កម្ពុជាដោយមិនបានផ្តល់ភស្តុតាងជាក់លាក់ឬរបាយការណ៍នៃការស៊ើបអង្កេតពិតប្រាកដនោះឡើយ។
ឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិតនិងគ្មានមូលដ្ឋានរបស់ថៃ អាជ្ញាធរមីនបានផ្ញើលិខិតផ្លូវការជូនប្រធាន អនុសញ្ញាអូតាវ៉ាដើម្បីជម្រាបពីសាវតានិងប្រវត្តិដែលថៃតែងចិញ្ចឹមចិត្តឈ្លានពានកម្ពុជាដោយប្រើរូបភាពថាកម្ពុជាដាក់មីនថ្មី។ នៅក្នុងលិខិតនេះ អាជ្ញាធរមីនកម្ពុជា បានសង្កត់ធ្ងន់ថា ថៃបានយកបញ្ហាមីនធ្វើនយោបាយចោទប្រកាន់ម្តងហើយម្តងទៀតដើម្បីជាលេសប្រើកម្លាំងយោធាឈ្លានពានកម្ពុជា។ ដោយនៅក្នុងឆ្នាំ២០០៨ ថៃបានចោទប្រកាន់ស្រដៀងគ្នាអំពីការដាក់មីនថ្មីដែលការចោទនេះគឺគ្មានភស្តុតាងច្បាស់លាស់។ ទាំងនេះ គឺជាយុទ្ធសាស្ត្រដែលថៃប្រើប្រាស់ដើម្បីបង្កឱ្យស្ថានភាពមានភាពតានតឹងនិងឈានទៅប្រើកម្លាំងប្រដាប់អាវុធ។
អាជ្ញាធរមីន គូសបញ្ជាក់ថា កម្ពុជា មិនបានប្រើប្រាស់ហើយនឹងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ហើយកម្ពុជាបដិសេធ និងថ្កោលទោសយ៉ាងខ្លាំងចំពោះការចោទប្រកាន់មិនពិតអំពីការប្រើប្រាស់មីនដើម្បីជាហេតុផលឈ្លានពាននិងរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជា៕