Khmer First Close

ប្រតិភូតំណាងរាស្រ្តកូរ៉េខាងត្បូងវាយតម្លៃខ្ពស់ចំពោះកម្ពុជាលើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ដោយ៖ សម្បត្តិ កិត្យា ​​ | 16 ម៉ោងមុន ព័ត៌មានជាតិ 180
ប្រតិភូតំណាងរាស្រ្តកូរ៉េខាងត្បូងវាយតម្លៃខ្ពស់ចំពោះកម្ពុជាលើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រតិភូតំណាងរាស្រ្តកូរ៉េខាងត្បូងវាយតម្លៃខ្ពស់ចំពោះកម្ពុជាលើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

តាកែវ៖ គណៈប្រតិភូសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម KIM, SEOK-KI តំណាងរាស្ត្រទទួលបន្ទុកកិច្ចការបរទេស និងបង្រួបបង្រួមជាតិ នៃសាធារណរដ្ឋកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់សមត្ថកិច្ចកម្ពុជា និងភាគីពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ ការវាយតម្លៃបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូកូរ៉េបានចុះត្រួតពិនិត្យទីតាំងអគារក្រុមហ៊ុនសុភមិត្ដ រ៉េស៊ីដេន ស្ថិតនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្ដតាកែវ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដែលជាទីតាំង សមត្ថកិច្ចជំនាញ និងអាជ្ញាធរកម្ពុជាធ្លាប់បានចុះប្រតិបត្តិការពិនិត្យ ដើម្បីបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។

នាឱកាសនោះ គណៈប្រតិភូក៏បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលតាមរយៈការសហការក្នុងការស្រាវជ្រាវបន្ត ដើម្បីស្វែងរកបណ្តាញមេខ្លោងនៅពីក្រោយការឆបោកអនឡាញ តាមរយៈការស្រាវជ្រាវលើសម្ភារៈនិងវត្ថុតាងនានា ដែលសមត្ថកិច្ចរឹបអូសបានពីការប្រព្រឹត្តអំពើល្មើសនាពេលកន្លងមកពីទីតាំងខាងលើ ក្នុងនោះរួមមាន កុំព្យូទ័រលើតុ ចំនួន២៧២គ្រឿង កុំព្យូទ័រយួរដៃ ចំនួន០៩គ្រឿង ម៉ូនីទ័រ ចំនួន៤៤គ្រឿង CPC ចំនួន៤៤គ្រឿង ទូរសព្ទដៃ ចំនួន១,៣០៥គ្រឿង និងIpad ចំនួន២គ្រឿង។ ជាមួយគ្នានោះដែរ គណៈប្រតិភូតំណាងរាស្ត្រកូរ៉េ បានកោតសរសើរដល់សមត្ថកិច្ចកម្ពុជា សម្រាប់ការបង្ក្រាបករណីឧក្រិដ្ឋកម្ម ឆបោកអនឡាញជាបន្តបន្ទាប់ ដែលបានបង្ហាញឱ្យឃើញនូវឆន្ទៈខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការអនុវត្តវិធានការទប់ស្កាត់ បទល្មើស online scam យ៉ាងម៉ឺងម៉ាត់បំផុត ក៏ដូចជាការបញ្ជូនជនជាតិកូរ៉េឲ្យ វិលត្រលប់ទៅប្រទេសបានលឿនផងដែរ។

ទន្ទឹមនេះដែរ គណៈប្រតិភូប្រទេសកូរ៉េ បានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច និងបានស្នើសុំ ឱ្យបន្តប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជន និងផ្តល់កិច្ចអន្តរាគមន៍ជួយសង្គ្រោះជនជាតិកូរ៉េ ដែលជាអ្នករងគ្រោះ ដោយការចាញ់បោកមេខ្លោង នៃឧក្រិដ្ឋកម្មឆបោកអនឡាញនេះផងដែរ។

ឯកឧត្តម KIM, SEOK-KI ក៏បានបញ្ជាក់ផងដែរថា នៅពេលដែលត្រឡប់ទៅ ប្រទេសវិញ ឯកឧត្តមនឹងយកលទ្ធផលខាងលើនេះ ដើម្បីផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋកូរ៉េឱ្យបានទូលំទូលាយ និងជំរុញនគរបាលនៃសាធារណរដ្ឋកូរ៉េ ឱ្យសហការជាមួយកម្លាំងសមត្ថកិច្ចរបស់កម្ពុជា ក្នុងការបង្ការទប់ស្កាត់ កុំឱ្យបទសល្មើស online scam នេះកើតឡើង និងបានសន្យាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបានជោគជ័យ។

សូមរំលឹកជូនថាកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម KIM, SEOK-KI ដោយរួមដំណើរជាមួយកម្លាំងសមត្ថកិច្ចកម្ពុជា ក៏បានចុះត្រួតពិនិត្យទីតាំងអគារសេះស ដែលជាកន្លែងធ្លាប់មានការប្រព្រឹត្តបទល្មើស online scam កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ស្ថិតនៅផ្លូវបេតុង ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហើយផ្អែកតាមរបាយការណ៍បង្រ្កាប ក្នុងចំណោមជនសង្ស័យជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ មានជនជាតិកូរ៉េ ចំនួន ៥៧នាក់ (ស្រី្ត០២នាក់) និងជនជាតិចិន ចំនួន ២៩នាក់ (ស្រី្ត ០៣នាក់) និងមានជនជាតិខ្មែរមួយចំនួនផងដែរ ព្រមទាំងវត្ថុតាងមានកំព្យូទ័រ និងទូរសព្ទដៃជាច្រើនគ្រឿង។

ក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២៥ បានដាក់ចេញនូវបទបញ្ជាចំនួន៩ចំណុចសំខាន់ៗ ក្នុងនោះសម្តេចធិបតី បានសង្កត់ធ្ងន់ថា «អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃ ក្នុងការតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែង»។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

អត្ថបទទាក់ទង