ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជាគឺជារដ្ឋភាគីសកម្មនៃអនុសញ្ញាអូតាវ៉ា និងតែងប្រកាន់ខ្ជាប់គោលការណ៍មនុស្សធម៌
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជាគឺជារដ្ឋភាគីសកម្មនៃអនុសញ្ញាអូតាវ៉ា និងតែងប្រកាន់ខ្ជាប់គោលការណ៍មនុស្សធម៌
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ប្រាប់ឯកអគ្គរាជទូតជប៉ុន ថា កម្ពុជាគឺជារដ្ឋភាគីសកម្មនៃអនុសញ្ញាអូតាវ៉ា និងតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍មនុស្សធម៌ និងគោរពនូវបទដ្ឋាននានារបស់អនុសញ្ញា។
ការបញ្ជាក់បែបនេះរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន ធ្វើឡើងនៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម SUZUKI Hideo ឯកអគ្គរាជទូតជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គជប៉ុន នៅអគារក្រសួងការបរទេសជប៉ុន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា និងបន្តគាំទ្រឱ្យមានសន្តិភាពរវាងកម្ពុជា-ថៃ។ ជាមួយគ្នានោះ ឯកឧត្ដម លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយូរអង្វែងរបស់ជប៉ុន ជាមួយកម្ពុជា ជាពិសេសក្នុងវិស័យសកម្មភាពមីន ដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ និងប្រែក្លាយដីមីនទៅជាដីមានសុវត្ថិភាព សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាគឺជារដ្ឋភាគីសកម្មនៃអនុសញ្ញាអូតាវ៉ា និងតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍មនុស្សធម៌ និងគោរពនូវបទដ្ឋានរបស់អនុសញ្ញា ហើយកម្ពុជាបន្តប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែង សំដៅសម្រេចបានកម្ពុជាដែលគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ឯកឧត្តម ក៏បានលើកឡើងអំពីសមិទ្ធផលសកម្មភាពមីននៅកម្ពុជារយៈពេលប្រមាណ៣០ឆ្នាំមកនេះ និងបញ្ហាដែលនៅសេសសល់ ជាពិសេសចម្កាមីននៅតាមបណ្តោយព្រំដែន ដែលមានគ្រាប់មីនច្រើន ពិបាកចូលទៅដល់ និងពិបាកក្នុងការបោសសម្អាត ដែលទាមទារឱ្យមានបច្ចេកទេសខ្ពស់ និងឧបករណ៍ទំនើប។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើដល់ជប៉ុន បន្តគាំទ្រកម្ពុជាសម្រេចបានគោលដៅកម្ពុជាដែលគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្កើនកិច្ចសហការរវាងរដ្ឋាភិបាលជប៉ុន ជាមួយអាជ្ញាធរមីន ដើម្បីធានាថាជំនួយសកម្មភាពមីនមនុស្សធម៌របស់ប្រទេសជប៉ុនមានប្រសិទ្ធភាពខ្ពស់ មានតម្លាភាព ប្រើប្រាស់ត្រូវគោលដៅ និងស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម SUZUKI Hideo បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនកម្ពុជា ដែលបានចូលរួមចម្បងក្នុងការធានាឱ្យបានសុវត្ថិភាពរបស់ប្រជាជន និងផ្តល់ដីសុវត្ថិភាពសម្រាប់ការស់នៅ និងអភិវឌ្ឍ។ ឯកឧត្តមគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដែលអាចទុកចិត្តបាន និងប្តេជ្ញាបន្តគាំទ្រកម្ពុជាសម្រេចបានគោលដៅប្រទេសដែលគ្មានមីន។ ឯកឧត្តម លើកឡើងផងដែរថា ជប៉ុនចង់បាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងសកម្មភាពមីន៕






