មន្ត្រីជាន់ខ្ពស់៖ ការពន្យារពេលកិច្ចប្រជុំរបស់ក្រុមបច្ចេកទេសចម្រុះ ដោយសារភាគីថៃមានការយឺតយ៉ាវនៅក្នុងការធ្វើកំណត់ទូតមកភាគីកម្ពុជា
មន្ត្រីជាន់ខ្ពស់៖ ការពន្យារពេលកិច្ចប្រជុំរបស់ក្រុមបច្ចេកទេសចម្រុះ ដោយសារភាគីថៃមានការយឺតយ៉ាវនៅក្នុងការធ្វើកំណត់ទូតមកភាគីកម្ពុជា
(ភ្នំពេញ)៖ យោងតាមមន្ត្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា, ការពន្យារពេលកិច្ចប្រជុំរបស់ក្រុមបច្ចេកទេសចម្រុះ លើការអនុវត្តបែបបទបច្ចេកទេស (Technical Instruction) ក្នុងការបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ មិនមែនជាកំហុសរបស់ភាគីកម្ពុជាទេ។
តាមពិត ភាគីកម្ពុជាទើបបានទទួលដីកាបញ្ជូនពីស្ថានទូតថៃប្រចាំនៅកម្ពុជា តាមសារអេឡិកត្រូនិក នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ។ យោងតាមការឯកភាពគ្នា ភាគីថៃត្រូវបញ្ជូនការអនុម័តលើបែបបទបច្ចេកទេស (Technical Instruction) មកកម្ពុជា ដើម្បីកម្ពុជាធ្វើកំណត់ទូតឆ្លើយតបទៅភាគីថៃវិញ ប៉ុន្តែភាគីថៃមានការយឺតយ៉ាវនៅក្នុងការធ្វើកំណត់ទូតមកភាគីកម្ពុជា។
ដូច្នេះការចោទប្រកាន់ថាកិច្ចប្រជុំរបស់ក្រុមបច្ចេកទេសចម្រុះ មានការពន្យារពេលមួយថ្ងៃដោយសារតែភាគីកម្ពុជា ជាការមិនត្រឹមត្រូវទេ គឺភាគីថៃខ្លួនឯងទេដែលជាអ្នកយឺតយ៉ាវ។ កិច្ចប្រជុំបច្ចេកទេសនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ជំនួសវិញ៕





